(តាកែវ)៖ លោក ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលតាកែវ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាវិរបុរសជាតិ ដែលដណ្ដើមបានសុខសន្ដិភាព ជូនប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ ដែលគិតរហូតមកដល់បច្ចុប្បន្ន មានរយៈជាង២១ឆ្នាំហើយ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលតំណាងរាស្រ្ត ម៉ុក ម៉ារ៉េត អញ្ជើញចុះសំណេះសំណាល ជាមួយកម្មករ-កម្មការនី រោងចក្រកាត់ដេរ ខោ អាវ, ស្បែកជើង និង សិប្បកម្មកាត់ដេរ ខោ-អាវ ចំនួន៤១៩នាក់ មកពី៥ភូមិ ក្នុងឃុំលំចង់ និងឃុំបឹងត្រាញ់ ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងពិធីនោះលោក ម៉ុក ម៉ារ៉េត បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីចម្ងាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចប្រធានកិត្តិយសគណបក្ស និងលើកជូនបងប្អូន កម្មករ-កម្មការនី ពីមេរៀនប្រវត្តិសាស្ត្រ របស់ជាតិ៥ជំនាន់ គិតពីរបបអណានិគមនិយមបារាំង ដល់យុគសម័យបច្ចុប្បន្ន។
តំណាងរាស្រ្តមណ្ឌលតាកែវ បានលើកជូនបងប្អូន នូវមេរៀនប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា ស្គាល់តែការបែកបាក់ និងសង្គ្រាម ក្នុងអតីតកាល ដោយមហិច្ឆិតាមហាអំណាច ចង់លេប យកប្រទេសជាតិ។
ជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ ទៅលើសន្តិភាព ដែលដណ្តើមបានមក តាំងពីឆ្នាំ១៩៩៨ ដោយវិរបុរសជាតិ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ លោកថា សន្តិភាព បានបង្កឱកាសដល់ជាតិ មានការអភិវឌ្ឍន៍ និងការរីកចំរើនជាលំដាប់ របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា។
លោក ក៏បានលើកពីយុទ្ធសាស្ត្រជាតិ ក្នុងការអភិវឌ្ឍន៍លើ ទិសស្លោករបស់ សម្តេចតេជោ «ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង» ក្នុងគោលដៅនាំប្រទេសជាតិ ឈានទៅកាន់ប្រទេសអភិវឌ្ឍ មានចំណូលមធ្យមកំរិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ទន្ទឹមនឹងនោះ លោក ម៉ុក ម៉ារ៉េត បានសង្កត់ធ្ងន់ ទៅលើឧបាយកលមហាអំណាច អូសទាញកម្លាំងគាំទ្របក្សប្រឆាំង តាមបដិវត្តន៍ពណ៌ ហើយយុទ្ធសាស្ត្របក្សប្រឆាំង ក៏ត្រូវបរាជ័យ ទើបកម្ពុជា ទទួលបានសន្តិភាពរហូតមកតាំងពីឆ្នាំ១៩៩៨។
តំណាងរាស្រ្ត ម៉ុក ម៉ារ៉េត បានសំណូមពរ ដោយទទូចឱយសមាជិកបក្សម្នាក់ៗ អនុវត្តឲ្យបានអនុសាសន៍ដ៏ថ្លៃថ្លា សម្តេចតេជោ «សមាជិកគ្រួសារបក្ស ម្នាក់សន្លឹកឆ្នោត១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា» នោះទើបប្រទេសជាតិ ស្គាល់តែសុខសន្តិភាព។
ក្នុងនោះ ក៏បានចែកជូនថវិកា ដល់កម្មករ-កម្មការនីម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងថ្នាំពេទ្យ១កញ្ចប់ ដល់បងប្អូនកម្មករ ឃុំលំចង់ និង១ម៉ឺនរៀលម្នាក់ៗ ដល់បងប្អូនកម្មករ-កម្មការនី ឃុំបឹងត្រាញ់ខាងត្បូង ដែលសរុបចំណាយទាំងអស់ចំនួន ១៣លាន ៩ម៉ឺនរៀល៕