Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ជំនន់ទឹកភ្លៀង កំពុងវាយលុកខេត្តព្រះវិហារ បណ្តាលឲ្យតំបន់មួយចំនួនរងការលិចលង់

30-04-2018 12:15

(ព្រះវិហារ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ភ្លៀងធ្លាក់ច្រើនម៉ោង កំពុងបង្កឲ្យតំបន់មួយចំនួន ក្នុងខេត្តព្រះវិហារ រងការលិចលង់ ដោយជំនន់ទឹកភ្លៀង។

បើតាម Facebook Page របស់ក្រសួងធនធានទឹក បានបង្ហោះនៅថ្ងៃនេះ បានបញ្ជាក់ទៀតថា «គិតត្រឹមម៉ោង១១ ថ្ងៃទី៣០ ខែមេសានេះ បណ្តាក្រុងស្រុកជាច្រើនដូចជា៖ ក្រុងព្រះវិហារ ស្រុកឆែប ស្រុកជាំក្សាន្ត រវៀង ត្បែងមានជ័យ និងស្រុកជ័យសែន ភ្លៀងមិនទាន់រាំងនៅឡើយ»

គួសបញ្ជាក់ថា តាមសេចក្ដីជូនដំណឹង ជាលើកទី២ ស្ដីពី ការព្យាករស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សា ឆ្នាំ២០១៨ របស់ក្រសួងធនធានទឹក បានកត់សម្គាល់ថា៖

* នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល (ប៉ុន្ដែតិចជាងឆ្នាំ២០១៧)
* ចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង។ បរិមាណទឹកភ្លៀងនឹងថយចុះមកនៅ ក្នុងកម្រិតពីតិចទៅមធ្យម
* ការប្រឈម នឹងជំនន់ទឹកភ្លៀង មានខ្ពស់ជាងឆ្នាំ២០១៧ ជាពិសេសនៅអំឡុងខែសីហា និងខែកញ្ញា
* ចំនួនព្យុះដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង អាចមានពី២៤-២៦ ព្យុះ៕