(សៀមរាប)៖ កុលាលភាជន៍ចំនួន៦៤ដុំ មានដូចជា ចាន ក្រឡ ដន្លាប់ ខួច មានស្រទាប់រលោងពណ៌បៃតង និងពណ៌ត្នោត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាដោយវិទ្យាស្ថាន Smitsonian តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ដើម្បីរក្សាទុក អភិរក្ស និងសិក្សា។
កុលាលភាជន៍ទាំងនេះ ត្រូវបានស្រាវជ្រាវដឹងថា ផលិតនៅសម័យអង្គរ មានប្រភពមកពីខេត្តបុរីរម្យ ប្រទេសថៃ នាពេលបច្ចុប្បន្ន។
លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ អ្នកតំណាងអាជ្ញាធរជាតិអប្សរា ក្នុងការទទួលកុលាលភាជន៍ទាំងនេះ បានឱ្យដឹងថា ប្រវត្តិនៃវត្ថុខាងលើ ត្រូវបានអ្នកស្រឡាញ់វត្ថុបុរាណជនជាតិជប៉ុន និងអាមេរិកប្រមូលទិញពីខេត្តបុរីរម្យយកទៅសហរដ្ឋអាមេរិក ក្នុងទសវត្សឆ្នាំ១៩៧០ ហើយបន្ទាប់មកបានប្រគល់ជូនវិទ្យាស្ថាន Smithsonian។ ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរជាតិអប្សរា វិទ្យាស្ថាន Smithsonian ក៏បានប្រគល់កុលាលភាជន៍ទាំងនេះឱ្យអង្គភាពកុលាលភាជន៍អង្គរ ជាអ្នកមើលការខុសត្រូវ។
ទាក់ទងនឹងភាជន៍ទាំងអស់ ចំពោះភាជន៍មួយចំនួនដែលល្អៗ អាជ្ញាធរជាតិអប្សរា នឹងយកទៅតាំងពិព័រណ៍បង្ហាញជាសាធារណៈ ព្រោះអាជ្ញាធរជាតិអប្សរាមានគម្រោងតាំងពិព័រណ៍វត្ថុបុរាណ ដែលស្រាវជ្រាវបានជាង២០ឆ្នាំ ពីតំបន់អង្គរ។ លើសពីនេះ វត្ថុទាំងនោះនឹងត្រូវរក្សាទុក ដើម្បីសិក្សាប្រៀបធៀបពីសម័យកាល បច្ចេកទេស និងគុណភាព រវាងកុលាលភាជន៍ដែលមានប្រភពពីបុរីរម្យ និងតំបន់អង្គរព្រោះកុលាលភាជន៍អាចឆ្លុះបញ្ចាំងពីសម័យកាលមួយ នៃប្រវត្តិសាស្ត្រខ្មែរ និងបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនសម័យអង្គរ ថាតើខ្មែរយើងមានលទ្ធភាពផលិតភាជន៍បានល្អកម្រិតណា។
នាសម័យបុរាណ ភាជន៍ត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃ ធ្វើជាគ្រឿងតាំងលម្អក្នុងផ្ទះ និងសម្រាប់ប្រើក្នុងពិធីសាសនាផ្សេងៗ ដូចជាពិធីសែនព្រេន និងបួងសួងជាដើម។
ពិធីប្រគល់កុលាលភាជន៍នេះ ប្រព្រឹត្តទៅស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ រវាងលោក អ៊ា ដារិទ្ធ និងលោក ធី សេរីវុឌ្ឍ (តំណាងអាជ្ញាធរជាតិអប្សរា) និងលោកស្រី Monica Davis (តំណាងស្ថានទូតអាមេរិក)។
នេះជាលើកទី១ហើយ ដែលកុលាលភាជន៍ដ៏ច្រើនបែបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ប្រជាពលរដ្ឋដែលរើសបានវត្ថុបុរាណ សូមកុំរក្សាទុកឬលក់ដូរខុសច្បាប់ សូមយកវត្ថុបុរាណនោះមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក អភិរក្ស និងសិក្សាពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដើម្បីចងក្រងជាឯកសារសម្រាប់ឱ្យអ្នកជំនាន់ក្រោយបានយល់ដឹងអំពីបុរាណវត្ថុខ្មែរ។
សូមបញ្ជាក់ថា ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរជាតិអប្សរា វិទ្យាស្ថាន Smithsonian ក៏ធ្លាប់បានរៀបចំសិក្សាសាលាមួយស្តីអំពីថ្មនិងកុលាលភាជន៍ (Petrography workshop) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ នៅអាជ្ញាធរជាតិអប្សរា មានអ្នកចូលរួម១៦នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ ដែលក្នុងនោះអ្នកជំនាញជនជាតិខ្មែរមានចំនួន០៨នាក់។ ក្រៅតែពីបានប្រគល់កុលាលភាជន៍ដ៏ច្រើន វិទ្យាស្ថាន Smithsonian ក៏បានផ្តល់ជូននូវសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនមីក្រូទស្សន៍ សម្ភារៈមន្ទីរពិសោធន៍ និងសៀវភៅស្តីពីការវិភាគថ្មនិងកុលាលភាជន៍ផងដែរ៕