(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យសហជីព និងសមាគមមួយចំនួន ជួបជុំអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា លើសួនច្បារ CDC ដោយមានអ្នកចូលរួម២ពាន់នាក់ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការដង្ហែក្បួននោះទេ។
ការអនុញ្ញាតឱ្យជួបជុំ ប៉ុន្តែមិនឱ្យហែរក្បួននេះ បានធ្វើឡើងតាមរយៈ ចំណាររបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅលើលិខិតស្នើសុំគោលការណ៍របស់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
យោងតាមលិខិតចេញផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតស្តីពីការរៀបចំកម្មវិធីទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣២ ឆ្នាំ២០១៨ របស់តំណាងសហភាព សហព័ន្ធសហជីព និងសមាគម ដោយជួបជុំគ្នានៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង ២ ០០០ នាក់ រួចដង្ហែក្បួនទៅដាក់ញាត្តិជូនរដ្ឋសភាជាតិ។
លិខិតខាងលើបានបន្តថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលសាលារាជធានីភ្នំពេញ បានអញ្ជើញតំណាងសហភាព សហព័ន្ធ សហជីព និងសមាគម មកប្រជុំពិភាក្សានៅសាលារាជធានីភ្នំពេញ។ ក្រោយពីកិច្ចប្រជុំពិភាក្សា រដ្ឋបាលសាលារាជធានីភ្នំពេញ បានឯកភាពឲ្យ សហព័ន្ធ សហជីប និងសមាគម រៀបចំពិធីនេះ នៅសួនច្បារCDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមិនមានការដង្ហែក្បួន ហើយរដ្ឋបាលសាលារាជធានីភ្នំពេញ សម្របសម្រួលស្នើឲ្យគណៈកម្មការទី១ នៃរដ្ឋសភា មកទទួលញត្តិនៅទីតាំងប្រារព្ធពិធី។ ប៉ុន្តែដោយមានអ្នកចូលរួមប្រមាណជាង ២ ០០០ នាក់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំមតិដឹកនាំ និងសម្រេចពីក្រសួងមហាផ្ទៃ៕