(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ បានចុះអនុស្សារណ: នៃការយោគយល់គ្នាមួយ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ដ៏ល្បីនៅកម្ពុជា គឺក្រុមហ៊ុន Codinggate ដោយរួមគ្នាដើម្បីបង្កើត និងប្រើប្រាស់នូវ App មួយដែលមានឈ្មោះថា សុខក្រម ដើម្បីផ្តល់ព័ត៌មាន និងសេវាសុខភាព តាមប្រព័ន្ធបច្ចេកវិទ្យា និងគមនាគមន៍ឈានមុខគេនៅកម្ពុជា។
ពិធីនេះបានប្រារព្ធឡើងនៅសាលមហោស្រពខេត្តក្រចេះ ដោយមានភាគីហត្ថលេខី គឺលោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធកម្ពុជា និងលោក សុខ សុភមង្គល អគ្គនាយកក្រុមហ៊ុន Codinggate ក្រោមអធិបតីភាពលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធ គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។ សុខក្រម គឺជាកម្មវិធីមួយ ដែលអាចធ្វើការ Download បាននៅគ្រប់ប្រព័ន្ធ Smartphone ទាំង iOS & Android ដោយមិនមានការគិតថ្លៃ។ នៅពេលលោក អ្នក បានក្លាយជាសមាជិករបស់ សុខក្រម លោកអ្នកអាចទទួលបាននូវព័ត៌មាន សុខភាពដ៏អាចជឿជាក់បានដូចជា៖
*អាចដឹង និងងាយរកឃើញមន្ទីរពេទ្យ ពហុគ្លីនិក គ្លិនិកឱសថស្ថានដែលនៅក្បែរលោកអ្នក
*សួរសំណួរពាក់ព័ន្ធនឹងសុខភាពរបស់លោកអ្នក ជាមួយគ្រូពេទ្យមានជំនាញច្បាស់លាស់
*អាចរកបាននូវព័ត៌មានថ្មីៗ ពីវិស័យសុខាភិបាលដែលកើតមាននៅលើពិភពលោក
*អាចក្រើនរំលឹក (Recall Alarm) ដល់លោក អ្នក ពីកាលបរិច្ឆេទ និងពេលវេលាដែល ត្រូវចាក់វ៉ាក់សាំង ដល់កូនៗជាទីស្រឡាញ់របស់ លោក អ្នក
*អាចដឹងប្រវត្តិ និងលេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមគ្រូពេទ្យគ្រប់ជំនាញ និងល្បីៗនៅកម្ពុជា
*អាចដឹង ងាយរកឃើញ និងទទួលបាននូវព័ត៌មានជាក់លាក់ ក៏ដូចជា កាលបរិច្ឆេទ និងទីតាំងនៃការចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃរបស់សម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា នៅគ្រប់ទីកន្លែង តាមរយ:ប្រព័ន្ធ GoogleMap។
សូមបញ្ជាក់ថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។
បច្ចុប្បន្នសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានសមាជិកពេញសិទ្ធិសរុបចំនួន៣៣៨៩នាក់ និងសមាជិកបម្រុងចំនួន១៦១៨នាក់ បានចុះពិនិត្យព្យាបាល និងវះកាត់ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម កម្មករ-កម្មការិនី បានចំនួន៦១លើក ក្នុង២០រាជធានី-ខេត្ត សរុបការពិនិត្យ និងព្យាបាលបាន ចំនួន១៣២,៩២៦អង្គ/នាក់៕