(ស្វាយរៀង)៖ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រី ចុះពិនិត្យមុខទំនិញ ជាច្រើនមុខ នៅក្នុងផ្សាវាលយន្ត ក្រុងស្វាយរៀង តែពុំបានរកឃើញសារធាតុគីមី ដាក់ក្នុងម្ហូបអាហារនោះទេ។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ។

ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តទៀតថា ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោកបានបញ្ជាក់ថា មន្ត្រីជំនាញ បានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងផ្សារវាលយន្ត ពុំបានរកឃើញសារធាតុគីមីនោះទេ ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការ ដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។

លោកបន្ដថា ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕