(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ជួយពន្លឿនការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឆាប់រហ័ស និងតាមសំណូមពររបស់ពួកគាត់។
ការលើកឡើងបែបនេះរបស់លោក ជា អឿង នៅក្នុងឱកាសលោកដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ស្វែងយល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋប្រមាណ១០០នាក់ ស្ថិតនៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ។
លោក ក៏បាននាំការនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងបានជម្រាបជូនប្រជាពលរដ្ឋ អំពី កំណែទម្រង់ ជាពិសេសការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងសមិទ្ធិផលសំខាន់ៗ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចសមិទ្ធិផលជាច្រើនកន្លងមក។
លោកបញ្ជាក់ថា ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការ ប្រចាំថ្ងៃជូនពួកគាត់ដូចជា ការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះ ជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដប្រជាឲ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។
លោកថា មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អ ដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុច គឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។
ជាមួយគ្នានោះ លោកបានក្រើនរម្លឹក ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវចុះឲ្យដល់មូលដ្ឋាន និងគ្រប់គ្រងឲ្យបាន ចំពោះការធ្វើចំណាកស្រុក ក្នុងប្រទេស និងចំណាកក្រៅប្រទេស របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយ ជំរុញឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា។
លោកតំណាងរាស្រ្ត បានក៏ផ្តាំផ្ញើដល់បងប្អូនទំាងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជួយពន្យល់ដល់កូនរបស់ខ្លួនកុំ ឲ្យមានការ ប្រើប្រាស់គ្រឿងញៀន ជាពិសេសអ្នកចំណាក់ស្រុក ទៅរកស៊ីនៅប្រទេសថៃ៕