(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន បានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី១នៃយុទ្ធនាការចុះឈ្មោះតែម្តង ហើយបានដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត នាខែកក្កដាខាងមុខនេះ មានចំនួនសរុប២៧១រូប។
លោក អ៊ុក គឹមហាន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលបានទៅចុះបញ្ជីគណបក្សប្រជាជនកម្ពុជា នៅគ.ជ.ប ចំថ្ងៃទី១ នៃយុទ្ធនាការចុះឈ្មោះគណបក្ស និងបេក្ខជន សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងចំណោមបេក្ខជន២៧១រូបនោះ មាន១២៥រូប ជាបេក្ខជនពេញសិទ្ធិ និង ១៤៦រូប ជាបេក្ខជនបម្រុង ហើយក្នុងចំណោមនោះក៏មានបេក្ខនារី៤៧រូបផងដែរ។
លោកបានបញ្ជាក់ថា «ក្នុងការចុះឈ្មោះដាក់បេក្ខជននេះ មិនថាតែឆ្នាំ២០១៨នេះទេ ការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនកម្ពុជា មានគោលការណ៍អញ្ចឹង គឺធ្វើយ៉ាងម៉េច ថ្ងៃដែលគ.ជ.បកំណត់គឺថ្ងៃទី១ហ្នឹង គណបក្សប្រជាជនកម្ពុជាតែងយកបញ្ជីឈ្មោះមកដាក់ជារៀងរាល់ការបោះឆ្នោតម្តងៗ»។
លោកបានបន្តថា ក្នុងការបោះឆ្នោតលើកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈ្មោះបេក្ខជន នៅក្នុងខេត្តកណ្តាលដដែល។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
ការបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ខាងមុខនេះ៕