(រតនគិរី)៖ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃពេញបូណ៌រមី ថ្ងៃបុណ្យវិសាខបូជា អាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្ត និងព្រះមន្ត្រីសង្ឃ នៃគណៈគណខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពុទ្ធសាសនិកជន បានរៀបចំពិធីដង្ហែរក្បួនធម្មយាត្រា ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ពិធីនេះបានដង្ហែរចេញពីបរិវេណមុខសាលាខេត្តរតនគិរី ឆ្ពោះទៅកាន់ទីអារាមវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ដោយមានការរចនាឡើងនូវ ក្បួនទីនាំងកម្កល់រូបសំណាក់តំណាងឲ្យព្រឹត្តិការណ៍ទាំងបី របស់ព្រះបរមសមណគោត្តម (ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន) ជាមួយនឹងការតុបតែងលម្អរនូវផ្កាភ្ញីជាដើម និងក្បួនដង្ហែរអមរបស់មន្ត្រីសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស មហាពុទ្ធបរិស័ទ្ធ យ៉ាងច្រើនកុះករ៕