(កំពង់ធំ)៖ ក្នុងន័យលើកពន្យល់ឲ្យពលរដ្ឋយល់ច្បាស់ពីអ្វីដែលខុស និងអ្វីដែលត្រឹមត្រូវនោះ លោក ជា ចាន់តូ សមាជិអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានស្នើឲ្យពលរដ្ឋគ្រប់រូបគម្បីសម្លឹងមើលព្រៃទាំងមូល កុំសម្លឹងមើលតែឈើមួយដើម មានន័យថា ពលរដ្ឋគួរគម្បីសម្លឹងមើលសមិទ្ធផលដែលបានមកនាពេលបច្ចុប្បន្ន ដោយការខិតខំប្រឹងប្រែងរបស់មន្ដ្រីជាច្រើន ចៀសជាងការសម្លឹងមើលនូវការធ្វើខុសរបស់មន្ដ្រីតែម្នាក់។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ប្រធានក្រុមការងារចុះជួយស្រុកស្ទោងធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងពីធីឆ្លងមហាកុដិ វត្តព្រះដំរី នៅក្នុងភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំដែលប្រារព្វនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ជា ចាន់តូ បានឲ្យដឹងថា «ជាការពិតប្រសិនបើយើងការពារព្រៃបានហើយនោះ គឺយើងមិនខ្វះអុសដុតទេ ហើយព្រៃដែលប្រជាជនត្រូវការនោះគឺសុខសន្តិភាព ដែលទាំងនេះទទួលបានពីផ្លែផ្កាក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងពុំគិតការនឿយហត់នោះ។ មិនតែប៉ុណ្ណោះនៅក្នុងការដឹកនាំប្រទេសសម្ដេចតេជោ ហ៊ុន សែន បាននាំប្រទេសកម្ពុជាដែលខ្ទេចខ្ទាំដោយសង្គ្រាមឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យថែមទៀតផង»។
លោកបានបន្ដទៀតថា ប្រជាពលរដ្ឋគម្បីមើលឲ្យច្បាស់នូវភាពស្មោះត្រង់ និងការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន ហើយក្រៅពីនោះពលរដ្ឋគួរសង្កេតមើលថា គ្មានអ្នកដឹកនាំគណបក្សណាមួយមានភាពស្មោះត្រង់ និងការទទទួលខុសត្រូវចំពោះជាតិ និងប្រជាជនជាងគណបក្សប្រជាជនកម្ពុជានេះឡើយ ក៏គ្មានអ្នកការដឹកនាំរាជរដ្ឋាភិបាលណាដែលធ្វើឲ្យប្រជាជន និងសង្គមជាតិរស់នៅក្នុងសុខសន្តិភាពព្រមទាំងមានជីវភាពធូធារដូចសម្ដេចដឹកនាំកន្លងមកនេះដែរ។
លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា ដើម្បីឲ្យប្រជាតិទទួលបានសុខក្សេមសាន្ត និងមានការអភិវឌ្ឍរីកចម្រើនបន្តទៀតនោះ ពលរដ្ឋត្រូវតែគាំទ្រលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀត ហើយប្រការសំខាន់នោះប្រជាជនគ្រប់ៗរូបកុំចាញ់ បោកការឃោសនាបោកប្រាស់របស់ក្រុមជនអគតិ និងការញ៉ុះញ៉ុងរបស់ទណ្ឌិតឲ្យសោះ។
សូមជម្រាបថា វត្តមហាកុដិវត្តព្រះដំរី ដែលប្រារព្វពិធីឆ្លងនាពេលនេះ១ខ្នង២ជាន់សង់ពីថ្ម ទំហំ ១៦ម៉ែត្រ គុណ១៤ម៉ែត្រចំណាយអស់ទឹកប្រាក់ចំនួន៧៥០រៀល ក្នុងនោះលោកបណ្ឌិត ជា ចាន់តូ និងលោកស្រីបានចូលជា បច្ច័យរួមចំនួន២៥លានរៀល ព្រមទាំងបាននាំយកនូវអណោយរបស់សម្ដចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានីហ៊ុន សែន មានបច្ច័យចំនួន៤០លានរៀលប្រគេនដល់វត្តព្រះដំរីនិងវត្តចំនួន៣ទៀត ដូចជាវត្តនដូនល្អ វត្តមុនីរង្សី វត្តបន្ទាយស្ទោង ដែលក្នុងមួយវត្តៗទទួលបានបច្ច័យ ១០លានរៀលនិងបានចែកជូនថវិកា ក្រណាតស និងសម្ភារៈសិក្សា ជូនដល់លោកយាយ លោក តា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕