(ភ្នំពេញ)៖ ក្រុមចោរឆក់ដ៏ជំនាញមួយក្រុម ប្រើពេលត្រឹមតែ៣ម៉ោង ឆក់សម្រេច៥ករណី ដោយយកបានទូរស័ព្ទស៊េរីទំនើប៥គ្រឿង នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ តែកាន់ទូរស័ព្ទដែលឆក់បានមិនទាន់ក្ដៅដៃផង ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបង្ក្រាបបាន៣នាក់។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់ជំនាញនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើតកាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមលោកនាយការិយាល័យ ករណីទី១៖ ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខ្មៅ ប្រព្រឹត្តនចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីជនជាតិចិន ភេទប្រុស កំពុងឈរនិយាយទូរស័ព្ទ។
ករណីទី២៖ ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 ពណ៌ស មិនបានសម្រេច នៅចំណុចចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីជនជាតិចិន ភេទប្រុស កំពុងដើរនិយាយទូរស័ព្ទ។
ករណីទី៣៖ ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ស ប្រព្រឹត្តនៅចំណុចមុខរដ្ឋសភា ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីជនជាតិចិន ភេទស្រី កំពុងដើរនិយាយទូរស័ព្ទ។
ករណីទី៤៖ ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone 8plus ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីជនជាតិ ចិន ភេទប្រុស កំពុងជិះម៉ូតូរឺម៉កកង់បីម្នាក់ឯង។
ករណីទី៥៖ ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone6s ពណ៌ប្រផេះ ប្រព្រឹត្តនៅចំណុចភ្លើងស្តុមផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីជនជាតិចិន កំពុងជិះម៉ូតូរឺម៉កកង់៣ជាមួយកូន។
លោក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនបាន ទី១៖ឈ្មោះ គង់ រតនៈ ហៅវី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ យ៉ាន់ សាន់ដេ អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៣៖ឈ្មោះ ឆាយ លុយ អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ដែលចាប់យកបាន ម៉ូតូម៉ាក Zoomer-X ពណ៌ ខ្មៅ បៃតង ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1DD-4508 និងម៉ូតូម៉ាក ស៊ុយហ្សុយគីឡេត ពណ៌ស ឆ្នាំ២០១៨ ពាក់ស្លាកលេខ1GO-1673។ ដោយឡែកភស្តុតាងចាប់យក ជារបស់ជនរងគ្រោះ ទូរស័ព្ទចំនួន៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕