(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់ «វិញ្ញាបនបត្រ និង សញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់។
លោកបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សាកលវិទ្យាល័យធនធានមនុស្ស បានធ្វើពិធីប្រគល់សញ្ញាបត្រដល់និស្សិតជិត ៣០លើកមកហើយ ដែលក្នុងនោះចែកក្រោមអធិបតីភាព សម្តេចតេជោចំនួន ១៥លើក និងចែកក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំនួន ១២លើក។
លោកបានបញ្ជាក់ថា សិស្ស និស្សិត ដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៥-២០១៦ និង ឆ្នាំសិក្សា២០១៦-២០១៧។ ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់សម្ដេចតេជោ និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំនួន ២៦នាក់ផងដែរ។
លោកសាកលវិទ្យាធិការ បានឲ្យដឹងថា សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតកំពុងសិក្សា សរុបចំនួន ៦,៧១២នាក់ មាននារី ៣,១០៦នាក់។
ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មកដល់ឆ្នាំសិក្សា២០១៦-២០១៧ កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិត ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ៣៧,៤៣៧នាក់ មាននារី ១២,៣៦៣នាក់។ គិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតជ័យលាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រ នាឱកាសនេះផងដែរ។
យោងតាមលទ្ធផលស្ទង់មតិប្រចាំឆ្នាំ២០១៦-២០១៧ បានបង្ហាញថា និស្សិតជ័យលាភីត្រូវ ទទួលសញ្ញាបត្រនាពេលនេះ មានការងារធ្វើ ៩១,០២% ក្នុងនោះថ្នាក់បរិញ្ញាបត្ររង ចំនួន ៨២,៧២%, ថ្នាក់បរិញ្ញាបត្រ ចំនួន ៩១,៧៩%, និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៩៨,២០%៕