(ភ្នំពេញ)៖ ការបង្កើតគណបក្សថ្មី គឺគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់មួយរបស់ អតីតគណបក្សសង្រ្គោះជាតិ ដើម្បីចូលរួមការបោះឆ្នោតខែកក្កដាខាងមុខ បានធ្វើឲ្យក្រុមមនុស្សរបស់អតីតគណបក្សសង្រ្គោះជាតិ និងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ចេញមករិះគន់វាយប្រហារចំពោះគណបក្សឆន្ទៈខ្មែរ និងថាជាការសម្តែងឆាកល្ខោន និងគិតតែប្រយោជន៍ក្រុមគ្រួសារ។
ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះលោក គង់ គាំ បានថ្លែង ប្រតិកម្មថា គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ សូមឲ្យអ្នកធ្លាប់គាំទ្រងាកមកគាំទ្រគណបក្សឆន្ទៈខ្មែរ និងបានវាយបកវិញថា លោក សម រង្ស៊ី ជាមនុស្សចូលចិត្តបន្ទាបបន្ថោកគណបក្សគេ មិនគោរពសិទ្ធិនយោបាយ និងមិនគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោត។
លោក គង់ គាំ បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញូំបានវាយតម្លៃយ៉ាងច្បាស់ថាគណបក្សសង្រ្គោះជាតិ នឹងមិនអាចវិលត្រឡប់មកវិញទេ អត់មានឱកាសនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះទេ ដូច្នេះយើងចាត់ទុកគណបក្សសង្រ្គោះជាតិ អត់មានកំរើក អត់មានចលនាអីទេ មនុស្សស្លាប់ព្រលឹងចេញពីខ្លួន ដូច្នេះព្រលឹងនេះវាមានពីរ ព្រលឹងមួយស៊ីចេកដេកនៅ ព្រលឹងស៊ីអំពៅដើរលេង, ព្រលឹងស៊ីចេកដេកនៅគឺឆន្ទៈម្ចាស់ឆ្នោតជាង៣លាននាក់ ដែលគាំទ្រគណបក្ស សង្រ្គោះជាតិកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧, ព្រលឹងស៊ីអំពៅដើរលេង គឺចលនាសង្រ្គោះជាតិនៅឯក្រៅប្រទេស ដូច្នេះព្រលឹងទាំងពីរហ្នឹង សង្ឃឹមថានឹងចូលរួមគាំទ្រគណបក្សឆន្ទៈខ្មែរ...»។
ឆ្លើយតបនឹងសំណួររបស់លោក លឹម ជាវុត្ថា បានថ្លែងថា មានក្រុមមន្រ្តីរបស់អតីតគណបក្សសង្រ្គោះជាតិមួយចំនួន បានសម្តែងការរិះគន់ និងវាយប្រហារចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរនេះ លោក គង់ គាំ បានថ្លែងយ៉ាងដូច្នេះថា៖ «គឺយើងត្រូវតែយល់អារម្មណ៍អ្នកដែលត្រូវបំរាមមិនឲ្យធ្វើនយោបាយ ឬក៏ស្ថិតនៅក្រៅប្រទេស ដូច្នេះអារម្មណ៍ហ្នឹងគឺជាធម្មតាគេហៅថា លួងចិត្តខ្លួនឯង ហើយលើកទឹកចិត្តអ្នកធ្លាប់គាំទ្រឲ្យជឿឡើងវិញ តែមិនអាចគាំទ្រ១០០%ទាន់ពេលនោះទេ»។
លោក លឹម ជាវុត្ថា បានចោទជាសំណួរបន្តថា កាលពីម្សិលមិញលោក សម រង្ស៊ី បានបង្ហោះសាររិះគន់ និងវាយប្រហារថា គណបក្សដែលទើបនឹងបង្កើតថ្មី ជាគណបក្សបោកបញ្ឆោត គណបក្សអាយ៉ង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត តើចំពោះទស្សនៈរបស់លោកគិតយ៉ាងណាដែរ ?
លោក គង់ គាំ បានថ្លែងយ៉ាងដូច្នេះថា៖ «គាត់ធ្លាប់ធ្វើគណបក្សពីដើមទីមក មិនមែនគណបក្សរបស់គាត់ ដែលពីដើមទងមកមិនមានចេតនាលំអគេ សុទ្ធតែមានជំហរឧត្តមគតិ ចង់បានលិទ្ធិប្រជាធិបតេយ្យ ចង់បានសេរី ពហុបក្ស អញ្ចឹងដូច្នេះគណបក្សថ្មីនេះដូចគ្នាដែរ...យើងមិនបានបោះបង់គណបក្សសង្រ្គោះជាតិ មិនបានរាំងខ្ទប់គណបក្សសង្រ្គោះជាតិទេ គឺថាគណបក្សឆន្ទៈខ្មែរ នេះតាមសេចក្តីប្រកាសរបស់គេគឺថា ជាប៉ូលមួយដាច់ដោយឡែកពីសង្រ្គោះជាតិ ហើយប្រសិនបើគណបក្សសង្រ្គោះជាតិវិលត្រឡប់មកបោះឆ្នោតទាន់ ពេលវេលាគឺស្វាគមន៍ធម្មតាអញ្ជឹងទៅ ចំណែកគណបក្សឆន្ទៈខ្មែរនេះជាក្រុមអ្នកនយោបាយវ័យក្មេងរលកក្រោយ ចង់ច្រានរលកមុខ....ការដែលអំពាវនាវឲ្យប្រជាពលរដ្ឋ បើគ្មានគណបក្សសង្រ្គោះជាតិឈរឈ្មោះ កុំបោះឆ្នោតអី គឺវាផ្ទុយពីជំហររបស់ខ្លួនដែលថាគោរពសិទ្ធិនយោបាយ គោរពសិទ្ធិប្រជាពលរដ្ឋដូច្នេះសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយត្រូវតែ មានរយៈពេល៥ឆ្នាំម្តង មិនអាចអត់បានទេ»។
សំណួរបានបន្តថា៖ លោក សម រង្ស៊ី បានលើកឡើងថា ការបង្កើតគណបក្សថ្មីនេះជាឆាកល្ខោន ដើម្បីបោះឆ្នោតក្លែងក្លាយ តើលោក គង់ គាំ យល់ឃើញដូច្នេះដែរ ?
លោក គង់ គាំ បានឆ្លើយតបវិញថា៖ «គាត់ (សម រង្ស៊ី) ចង់បន្ទោសបង្អាប់ បន្ទាបគណបក្សគេដទៃក្រៅពីគណបក្សរបស់ខ្លួនគាត់តែប៉ុណ្ណោះទេ ដូច្នេះមិនមែនទាល់តែមានពួកគាត់ ទើបមិនលំអ បានប្រជាធិបតេយ្យ បានសង្រ្គោះជាតិអីហ្នឹង គឺថាគ្រាន់តែជាពាក្យទេ វាអត់មានអីទេ បានន័យថា មានតែពួកគាត់ហ្នឹងហើយ ដែលមិនបានចូលរួមបោះឆ្នោត គឺធ្វើឲ្យព្រឹទ្ធសភាទាំងមូលទៅឯកបក្ស ហើយដូច្នេះបានអ្នកនយោបាយរលកក្រោយហ្នឹង បានចូលរួមមិនចង់ឲ្យរដ្ឋសភា នីតិកាលទី៦នេះទៅជារដ្ឋសភាឯកបក្សទៀតនោះទេ»៕