(កំពង់ចាម)៖ លោក គួច ចំរើន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងលោក លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្រីសន្ធរ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ស្រុកស្រីសន្ធរ ចំនួន១៤០នាក់។
ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងក្នុងខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីបាននាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ជូនចំពោះបងប្អូនរួចមក និងរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម, លោក គួច ចំរើន បានលើកសសើរការខិតខំប្រឹងប្រែងរបស៎ថ្នាក់ដឹកនាំ ស.អ .ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដល់ សមាជិក ស.អ.ក និងជម្រុញឲ្យថ្នាក់ដឹកនាំ ស.អ.ក យើងត្រូវខិតខំបន្ថែមទៀត ពិសេសគិតគូរពីជីវភាព និងសុខភាពរបស់ពួកគាត់ ព្រោះពួកគាត់ចាស់ៗហើយ និងសូមឲ្យបងប្អូនសមាជិក ស.អ.ក ត្រូវចេះជួយគ្នាពេលមានធុរះ និងត្រូវជួយរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលីសប៉ុស្តិ៍ ពេលមានរឿងអីមិនប្រក្រតីដើម្បី ភាពសុខសាន្តរបស់យើងទាំងអស់គ្នា។
លោកបានក្រើនរំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិកតាមក្រុម តាមគ្រួសារ ហើយត្រូវសហការ ផ្តល់អាទិភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវាសាធារណៈនានាដូចជា ការទទួលបាននូវជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គម ផ្សេងៗជាដើម។
លោក គួច ចំរើន បានថ្លែងបញ្ជាក់ទៀតថា ជាការពិត បងប្អូនទាំងនោះសុទ្ធសឹងតែជាអ្នកដែលមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាព ជាទូទៅ មិនមែនសុទ្ធតែល្អ គ្រាន់បើ ដូចៗគ្នានោះទេ។ ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ ហើយលំបាក ខ្វះខាត ថែមទាំងមានសុខភាព ទ្រុឌទ្រោមថែមទៀត។ ទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល និងសមាគមត្រូវទទួលបន្ទុកទុកដោះស្រាយ។
ក្នុងឱកាសនោះ លោក លូ គឹមឈន់ បាននាំយកនូវថវិកាសម្ដេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលបានចូលរួមក្នុងម្នាក់ៗថវិកា៥០,០០០រៀលផងដែរ៕