(ភ្នំពេញ)៖ បន្ទាប់ពីកំណាត់ផ្លូវដែកពីសិរីសោភ័ណ មកដល់ខេត្តបាត់ដំបងត្រូវបានដាក់ឲ្យដំណើរហើយនោះ នៅខែក្រោយកំណាត់ផ្លូវដែកពីបាត់ដំបង មកដល់ខេត្តពោធិ៍សាត់នឹងដាក់ឲ្យដំណើរការផងដែរ។ ក្នុងនោះកំណាត់ផ្លូវដែករហូតដល់រាជធានីភ្នំពេញ ដែលមានប្រវែងសរុបជិត ៤០០គីឡូម៉ែត្រនឹងដាក់ឲ្យប្រើប្រាស់ទាំងស្រុងនៅចុងឆ្នាំ២០១៨។
ផ្តល់បទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ក្នុងពេលដាក់ឲ្យដំណើរការកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងស្តារ និងដាក់ឲ្យប្រើប្រាស់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ឲ្យបានទាំងស្រុងនៅចុងឆ្នាំ២០១៨នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៧៧លានដុល្លារអាមេរិក។ ក្នុងទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះជាថវិការបស់រាជរដ្ឋាភិបាល។
«យើងខំប្រឹងស្តារផ្លូវដែកនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញកុំឲ្យផ្លូវថ្នល់របស់យើងឆាប់ខូច។ រាជរដ្ឋាភិបាលខំប្រឹងណាស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការដឹកជញ្ជូន ដូច្នេះផ្លូវដែកពីភ្នំពេញ ដល់ក្រុងប៉ោយប៉ែត នឹងគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០១៨នេះ»។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់។
កំណាត់ផ្លូវដែកពីភ្នំពេញ ដល់បន្ទាយមានជ័យត្រូវបានខកខានធ្វើដំណើរអស់រយៈពេល ១២ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០០៦មកម្ល៉េះដោយសារសភាពទ្រុឌទ្រោមផ្លូវដែក។ ដោយឡែកផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ដែលដាក់ឲ្យដំណើរការកាលពីដើមខែមេសានោះ បានខកខានដំណើរការអស់រយៈពេល ៤៥ឆ្នាំ។
ការដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវដែកឡើងវិញ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយបានធ្វើឲ្យពួកគាត់នឹកឃើញដល់អនុស្សាវរីយ៍ពេលគាត់ប្រើប្រាស់ផ្លូវដែកកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ផងដែរ។ ប្រជាពលរដ្ឋខ្លះ បានរលឹកដល់ការដំណើរនាពេលនោះ ដែលពេលខ្លះត្រូវបានក្រុមខ្មែរស្ទាក់បាញ់ប្លន់ ឬផ្ទុះមីនផ្តាច់ផ្លូវរថភ្លើងធ្វើឲ្យពួកគាត់ដេកតាមព្រៃក៏មាន។
ជាមួយការដាក់ឲ្យដំណើរការឡើងវិញនូវផ្លូវដែក ដែលមានកន្លែងអង្គុយស្រួល ហើយមានម៉ាស៊ីនត្រជាក់ថែមទៀតនោះ បានធ្វើឲ្យប្រជាពលរដ្ឋ បានសាទរ និងរីករាយជាខ្លាំង។ ពួកគាត់ ក៏បានលើកឡើងថា ការដាក់ដំណើរការផ្លូវរថភ្លើងនឹងធ្វើឲ្យការធ្វើដំណើរមានសុវត្ថិភាព ហើយការចំណាយអស់តិចផងដែរ។
សូមបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងពីបាត់ដំបង ដល់ក្រុងប៉ោយប៉ែតប្រវែងជាង ១០០គីឡូម៉ែត្រ នឹងដាក់ឲ្យធ្វើដំណើរពីរខ្សែ មួយខ្សែពីបាត់ដំបង ទៅប៉ោយប៉ែត មួយខ្សែទៀតពីប៉ោយប៉ែត មកបាត់ដំបង។ ខ្សែរថភ្លើងនេះ ចេញដំណើរ៣ពេលក្នុងមួយថ្ងៃ ពោលចេញដំណើរនៅម៉ោង ៧ព្រឹក ម៉ោង ១០៖២០នាទី និងម៉ោង ២៖២០នាទីរសៀល។
ខ្សែរថភ្លើងនេះ នឹងដាក់ឲ្យធ្វើដំណើរដោយមិនគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។ លោក ស៊ុន ចាន់ថុល ការយកថ្លៃសម្រាប់ការធ្វើដំណើរលើផ្លូវរថភ្លើងនេះមិនថ្លៃនោះឡើយ។
ជាមួយការដាក់ឲ្យដំណើរការរថភ្លើងនេះ លោក ស៊ុន ចាន់់ថុល បានទទូចដល់ប្រជាពលរដ្ឋឲ្យមានស្មារតីខ្ពស់ក្នុងការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ពោលមិនត្រូវទៅលក់ដូរ ដេក ឬអង្គុយលេងលើផ្លូវរថភ្លើងនោះឡើយ។ មួយវិញរាល់ប្រជាពលរដ្ឋបើកបរឆ្លងកាត់ផ្លូវរថភ្លើង ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែររាល់ពេលដែលឆ្លងកាត់។
បើទោះបីជាយ៉ាងណា ដើម្បីបង្កើនការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល ថា ក្រុមការងារផ្លូវដែក អាជ្ញាធរ នឹងបង្កើនការអប់រំពីសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងរៀបចំប៉ារ៉ាស់ដាក់កន្លែងឆ្លងកាត់ផងដែរ៕