(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ គណៈកម្មការខ២៧ និងជាប្រធានក្រុមការងារចុះជួយសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៩៣គ្រួសារ ក្នុងមូលដ្ឋានរបស់លោក។
ក្នុងឱកាសនោះ លោក ជួន ណារិន្ទ បានថ្លែងថា ប្រទេសក្នុងដំណាក់កាលបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កត្តានេះផ្តើមចេញពីមូលដ្ឋានគ្រឹះសំខាន់ ដែលមិនអាចមើលរំលងបាន គឺកត្តាសន្តិភាព។
លោក ជួន ណារិន្ទ បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋបានជ្រាបហើយ សភាពការប្រទេសជាតិរយៈពេលកន្លងមកអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងផ្កាប់មុខ បានរិះរកគ្រប់ឧបាយកលទាំងក្នុង និងក្រៅប្រទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា ដើម្បីអំណាចរបស់ក្រុមបក្សខ្លួន។ ដូចនេះទាំងអស់គ្នា ត្រូវរួបរួមគ្នា ការពារ សុខសន្តិភាព ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែង កសាងបានមកដល់សព្វថ្ងៃ ត្រូវថែរក្សាឲ្យបាននៅស្ថិតស្ថេរគង់វង្ស កុំចាញ់ឧបាយកលរបស់ពួកប្រឆាំង ដែលមានបំណងញុះញង់ បំបែកបំបាក់ជាតិ លាបពណ៌បំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ។
លោកប្រធានក្រុមការងារ បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា និងប្ដេជ្ញាយកជ័យជម្នះឲ្យខាងតែបាន។
បន្ថែមពីនេះ លោកបានប្រាប់ពលរដ្ឋថា លោកបានត្រៀមទិញរថយន្តពេទ្យមួយគ្រឿង ដើម្បីជួយដឹកបញ្ជូនប្រជាពលរដ្ឋក្នុងសង្កាត់លេខ៣ ដែលមានជំងឺ ឬអ្នកឆ្លងទន្លេ ហើយជួបប្រទះការខ្វះខាតថវិកាដើម្បីដឹកជញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ។
សូមជម្រាបថា ពលរដ្ឋក្រីក្រទាំង១៩៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេះ, ក្រមា១ និងថវិកា ចំនួន២០,០០០រៀល៕