(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមលើកយកគតិបណ្ឌិត និងទស្សនវិជ្ជាចំនួន១០ឃ្លាថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានសម្រាប់ថ្ងៃចុងសប្ដាហ៍ថ្មីនេះ ដែលប្រៀបបានទៅនឹងតែដ៏ឆ្ងាញ់ ដាវដ៏មុតស្រួត ផ្កាដ៏ក្រអូប ភ្លើងដ៏ភ្លឺ ដើម្បីជាការបង្កើនចំណេះដឹងទូទៅបន្ថែមទៀត។
គតិបណ្ឌិត និងទស្សនវិជ្ជាទាំង១០នោះ រួមមាន៖
១៖ ចូរកុំបារម្ភពេលគ្មានតំណែងក្នុងជួររាជការ ប៉ុន្តែត្រូវបារម្ភថា តើឋានៈមួយណាដែលអាចឲ្យអ្នកអាចរស់នៅដោយភាពរឹងមាំ? ចូរកុំបារម្ភនៅពេលមិនទទួលបានការកោតសរសើរ តែត្រូវបារម្ភថា តើមានអ្វីខ្លះក្នុងខ្លួនរបស់យើងដែលគួរឲ្យកោតសរសើរ? នេះជាពាក្យទូន្មានរបស់ ខុង ជឺ អ្នកប្រាជ្ញបុរាណចិន។
២៖ ពាក្យសុំទោស គឺជាពាក្យដែលមានក្លិនក្រអូបដូចជាទឹកអប់ ហើយវាអាចផ្លាស់ប្ដូរពេលវេលាដ៏ឆ្គាំឆ្គងឲ្យទៅជារង្វាន់ដ៏ល្អវិញ។ លោកស្រី ម៉ាការេត លីរ៉ាន់បេក អ្នកនិពន្ធជនជាតិអាមេរិក។
៣៖ មានរបស់បីយ៉ាងដែលរំលងទៅហើយមិនអានហៅត្រឡប់មកវិញ នោះគឺសម្ដី ឱកាស និងពេលវេលា។ អ្នកប្រាជ្ញបុរាណចិន។
៤៖ ពាក្យសម្ដីមានថាមពលខ្លាំងក្លាណាស់ គឺអាចកែប្រែដំណើរជីវិតអាក្រក់ទៅជាល្អបាន និងអាចជួយមនុស្សដែលប្រុងនឹងបរាជ័យ ឲ្យមានជ័យជម្នះមកវិញបាន។ មហាត្មៈ គន្ធី មេដឹកនាំទាមទារឯករាជ្យរបស់ឥណ្ឌា។
៥៖ ពេលជួបមនុស្សល្អ ចូរគិតថាត្រូវធ្វើយ៉ាងដូចម្ដេច ទើបបានល្អដូចគាត់ តែបើជួបមនុស្សអាក្រក់វិញ ចូរពិនិត្យមើលខ្លួនឯង។ ខុង ជឺ អ្នកប្រាជ្ញបុរាណចិន។
៦៖ មានតែអ្នកក្រទេ ដែលដឹងពីទុក្ខលំបាករបស់អ្នកក្រ។ នេះជាសម្ដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក អាប្រាហែម លីនខល ក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី។
៧៖ ការផ្លាស់ប្ដូរជីវិតរស់នៅ មិនមែនជារឿងអាក្រក់នោះទេ គ្រាន់តែយើងត្រូវមានទិសដៅច្បាស់លាស់ជាមុនថា តើយើងត្រូវផ្លាស់ប្ដូរទៅរកអ្វី ហើយអ្វីនោះត្រូវមានភាពសំខាន់បំផុត។ ប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា។
៨៖ ស្រលាញ់ប្រទេសជាតិ ត្រូវស្គាល់ទឹកដីឲ្យបានច្បាស់លាស់ តាមរយៈដំណើរទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបច្ចុប្បន្ន។
៩៖ អ្នកដឹកនាំ គឺជាអ្នកដែលផ្ដល់សេចក្ដីសង្ឃឹម។ ព្រះចៅ ណាប៉ូឡេអុង។
១០៖ ការដែលមិនបានពិនិត្យមើលជីវិតរបស់ខ្លួននោះ គឺជាការរស់នៅដោយគ្មានតម្លៃសោះឡើយ។ អ្នកប្រាជ្ញបុរាណក្រិច សូក្រាត៕