(ភ្នំពេញ)៖ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងគាំទ្រគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដោយប្រធានាធិបតីចិន ស៊ី ជិងពីន តាំងពីឆ្នាំ២០១៣ និងកំពុងក្លាយជាគម្រោងមួយដ៏ធំ និងមានសក្តានុពល ដើម្បីជំរុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាសធុរកិច្ចកម្ពុជាជាមួយប្រទេសចិន ដែលឆ្លងកាត់ប្រទេសជាង៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក។
លោកស្រីថា គម្រោងនេះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា-ចិន និងជាមួយប្រទេសជាច្រើនក្នុងតំបន់ និងអន្តរទ្វីប និងការជំរុញការអភិវឌ្ឍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។ លើសពីនេះទៀត គម្រោងនេះនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំងរវាងស្ថាប័ន រវាងប្រជាជន និងប្រជាជនក្នុងតំបន់ និងពិភពលោកថែមទៀតផង។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងវេទិកាសេដ្ឋកិច្ច ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឆ្នាំ២០១៨ ដែលរៀបចំឡើង ដោយសមាគមសភាពាណិជ្ជកម្មចិន នាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នារសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តថា តាមរយៈការប្តេជ្ញាចិត្តខាងនយោបាយ និងមធ្យោបាយផ្សេងៗ ជាពិសេសមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី គំរោងដ៏ធំនេះពិតជាទទួលបាន ជោគជ័យ និងផ្តល់ផលប្រយោជន៍ដ៏ធំធេង ក្នុងពេលអនាគត ហើយថាបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់គណបក្សកុំមុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិន កំពុងឈានចូលទៅក្នុងសម័យថ្មី នៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកស្រីបានបញ្ជាក់ទៀតថា ប្រទេសចិនកាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ពិភពលោក តាមរយៈការពង្រឹងទំនាក់ទំនងអន្តរជាតិ ផ្តល់ជំនួយឥតចំណង និងកម្ចីឥណទានដល់ប្រទេសក្រីក្រ ការជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងពង្រឹង និងថែររក្សាសន្តិសុខ និងសន្តិភាពក្នុងពិភពលោក។ កម្ពុជា និងចិន ធ្លាប់មានប្រវត្តិរាប់ទំនាក់ទំន ងរាប់អានគ្នាអស់កាលដ៏យូយារមកហើយ។ បច្ចុប្បន្នរដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ និងបានផ្លាស់ប្តូទស្សនកិច្ចកំពូលជាប្រចាំ។
លោកស្រី ម៉ែន សំអន បានបន្ដថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ «ចិនតែមួយ» ចំណែកចិនក៏តែងតែគាំទ្រ និងគោរពនូវ ឯករាជ្យភាពរបស់កម្ពុជា។ បច្ចុប្បន្ន ចិនជាប្រទេសផ្តល់ជំនួយឥតចំណងធំជាងគេរបស់កម្ពុជា និងជាប្រភពទេសចរ និងវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជាផងដែរ។
បច្ចុប្បន្នគម្រោង «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ វិថីមួយ» បានអនុវត្ត និងជះឥទ្ធិពលជាវិជ្ជមាននៅកម្ពុជា ជាបណ្តើរៗប្រកបដោយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ កម្ពុជារំពឹងថា នឹងទទួលបាន ផលប្រយោជន៍កាន់តែច្រើនថែមទៀត ក្នុងពេលអនាគត តាមរយៈ ការតភ្ជាប់កាន់តែច្រើន ជាមួយចិននិងប្រទេសនានាក្នុងតំបន់ ក្នុងគម្រោងអភិវឌ្ឍន៍ ផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងអាកាស កំពង់ផែ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្សេងទៀតនៅកម្ពុជា។
លោកស្រីបន្ថែមថា ដោយមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាកំពុងឈានឡើងទៅមុខប្រកប ដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ កម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ បានប្រែក្លាយពីសមរភូមិទៅជាទីផ្សារ ពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាប្រទេស ដែលមានការរីកចំរើន លើគ្រប់វិស័យ និងពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចបំផុត ឬក្រីក្របំផុត ដែលមានចំណូលទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកំរិតទាប និងក្លាយជាទីផ្សារមួយដ៏ទាក់ទាញសម្រាប់ទេសចរ និងអ្នកវិនិយោគពីគ្រប់ប្រទេស ជាពិសេសអ្នកវិនិយោគចិន ដែលក្នុងនោះមានហុងកុងផង ដែរ។
តាមរយៈវេទិការថ្ងៃនេះ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា អ្នកវិនិយោគចិន និងហុងកុង នឹងទទួលបានព័ត៌មាន ពីសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ដែលទាក់ទងនឹងក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត៕