(ឧត្តរមានជ័យ)៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ លោក គន់ គីម បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ត្រូវប្រឹងប្រែងកែលំអរចំណុចអសកម្ម និងត្រូវបង្កើនសកម្មភាពបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
ការក្រើនរំលឹករបស់លោក គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណបក្សខេត្តឧត្តរមានជ័យប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែឧសភាខាងមុខ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរបក្សខេត្តឧត្តរមានជ័យ។
លោក គន់ គីម ដែលមានតួនាទីជាអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផងដែរនោះ បានក្រើនរំលឹកសមាជិករបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជនជាធំ ដូច្នេះការងារបម្រើជាតិ និងប្រជាជន គឺជាការអាទិភាព និងចម្បងបំផុត ដែលត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លា។
«សមាជិកបក្សគ្រប់ថ្នាក់ត្រូវចុះទៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ទៅឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ និងខិតខំកែលម្អរាល់ភាពអសកម្មរបស់យើង។ បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដើម្បីធានាបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាខាងមុខនេះ»។ លោក គន់ គីម បានបញ្ជាក់នៅចំពោះមុខសមាជិកបក្ស។
បើទោះបីជាយ៉ាងណា លោក គន់ គីម ក៏បានសរសើរ និងលើកទឹកចិត្តដល់សមាជិកទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនាពេលកន្លងមកក្នុងការបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក គន់ គីម បានរំលឹកថា សកម្មភាពទាំងអស់នេះមិនត្រូវថមថយ ដែលនាំឲ្យប្រជាជនខកចិត្តនោះឡើយ៕