(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) បានបង្ហាញពីការប្តេជ្ញាចិត្តបន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចែកជូនមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយអត្រាចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន Professional Trader (Cambodia) បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីរៀបចំពិធីពិសារជួបជុំអតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០១៨ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅសាលសន្និសិទកោះពេជ្រ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អាជីវករ មកពីតាមបណ្តាររាជធានី-ខេត្ត សរុបចំនួន៦០០នាក់។
លោក សូ សុខប៊ុនថេត បានបន្តថា ក្រៅពីការងារអាជីវកម្ម ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ លើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការគាំពារការងារសង្គមជាច្រើនទៀត តាមរយៈការផលិត និងចេកចាយដោយឥតគិតថ្លៃ នូវមួកសុវត្ថិភាពដល់អតិថិជន ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងសម្ភារៈសិក្សាមួយចំនួនទៀត ដល់ក្រុមយុវជន តាមបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។
នាយកប្រតិបតិ្តរូបនេះ បានបញ្ជាក់ថា ជាក់ស្តែងកាលពីឆ្នាំ២០១៧កន្លងទៅ ក្រុមហ៊ុនបានសហការជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ចែកមួកសុវត្ថិភាពចំនួន៣៥០០មួក និងរបាំងឆ្លងផ្លូវចំនួន១៥០ផ្ទាំង ដល់សិស្សានុសិស្ស និងសាលាកម្រិតមធ្យមសិក្សានានា ដែលមានទីតាំងលើដងផ្លូវជាតិធំៗ ដែលងាយរងគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងបន្តអនុវត្តន៍គម្រោងចែកមួកសុវត្ថិភាពនេះ នៅខេត្តក្រចេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់នេះ ឱ្យបានក្នុងកម្រិតជាអតិបរិមា និងប្រកបដោយប្រិសិទ្ធិភាព និងទទួលការខុសត្រូវខ្ពស់៕