(កណ្តាល)៖ នាព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីត្រៀមឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្នុងខណៈដែលការបោះឆ្នោត នៅសល់ប្រមាណតែ០៣ ខែទៀតប៉ុណ្ណោះ។
ជារួមអង្គប្រជុំ បានធ្វើការពិភាក្សាលើសភាពការណ៍ទូទៅ នៅក្នុងស្រុកមុខកំពូល និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ ដែលកើតចេញពីសកម្មភាពការងារ ដែលបាន អនុវត្តដូចភ្លៀងរលឹម នៅក្នុងពេលកន្លងមក ទាំងផ្នែកពុទ្ធចក្រ និងទាំងផ្នែកអាណាចក្រ ដែលបានធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ដំណើរការទៅមុខ ឥតឈប់ឈរ ហើយបងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារឡើងជាលំដាប់។
ក្រៅពីនេះ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ព្រមទាំងការចូលរួមដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាបាតុភាពនានា ដែលកើតឡើងនៅក្នុងមូលដ្ឋានជាប់ជាប្រចាំផងដែរ។ ប្រការនេះ បានបង្កើនការជឿជាក់ និងបានទាក់ទាញការគាំទ្ររបស់ប្រជាពលរដ្ឋ កាន់តែច្រើនឡើងមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សកាន់តែឈរជើង រឹងមាំជាគណបក្សដឹកមុខយូរអង្វែងតទៅមុខទៀត នៅក្នុងដំណើរការ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក វង្សី វិស្សុត បានផ្តល់ការណែនាំ ដល់មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់កណ្តាល និងទាំងថ្នាក់មូលដ្ឋាន មានភារកិច្ចដណ្តើមជ័យជំនះជូនគណបក្ស នៅក្នុងការបោះឆ្នោត នាខែកក្តដាខាងមុខនេះ ស្របទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅមុខទៀត បានយូរអង្វែង ដើម្បីបម្រើប្រជាជន និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។
លោកថា «ក្នុងន័យនេះ យើងត្រូវរួមគ្នា ប្រើប្រាស់កំលាំងសរុប និងមធ្យោបាយសរុប នៅលើមាគាតែមួយ ឆ្ពោះទៅសម្រេចឲ្យបានដាច់ខាតនូវគោលដៅខាងលើនេះ។ ទន្ទឹមនឹងនេះ យើងត្រូវបន្តពង្រឹងខ្លួនឯង ជាប់ជាប្រចាំ ព្រោះមានតែការពង្រឹងខ្លួនឯង តាមរយៈការកែទម្រង់តែប៉ុណ្ណោះ ទើបយើងអាចធានាបាននូវភាពឈ្នះបានយូរអង្វែង»។
លោក វង្សី វិស្សុត ក៏បានផ្តល់ដល់មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តរក្សាឲ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុងបក្ស និងត្រូវពង្រឹងអង្គការចាត់តាំងបក្ស និងការគ្រប់គ្រងសមាជិក គណបក្សតាមក្រុមបក្សឲ្យបានល្អ។ ក្រៅពីការបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាជន, ក៏ត្រូវយកចិត្តទុកដាក់ ខ្ពស់ផងដែរ ដល់ការដោះស្រាយផលប៉ះពាល់ផ្សេងៗ បណ្តាលមកពីការអនុវត្តគម្រោងអភិវឌ្ឍន៍នានា នៅក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាទំនាស់ដីធ្លីផងដែរ។
លោក ក៏បានផ្តល់ការណែនាំ ដល់អាជ្ញាធរមូលដ្ឋានឲ្យរក្សាការពារ ឲ្យបានដាច់ខាតនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដូចជាបឹងបួរជាដើម កុំឲ្យមានការរំលោភបំពាន និងកាន់កាប់ ដោយខុសច្បាប់។ ក្រៅពីនេះ លោកក៏បានណែនាំមន្រ្តីគណៈពង្រឹងត្រូវសហការជាមួយអាជ្ញាមូលដ្ឋាន ដើម្បីតាមដានបញ្ហាមីក្រូហិរញ្ញវត្ថុ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ ដល់គណៈពង្រឹងតាមឃុំនីមួយៗ ត្រូវចេះច្នៃប្រឌិត និងសម្រួចបន្ថែម នូវយុទ្ធសាស្រ្តមួយចំនួន ស្របទៅតាមស្ថានភាពជាក់ស្តែង នៃមូលដ្ឋានភូមិ ឃុំរបស់ខ្លួន ដោយផ្អែកលើគោលការណែនាំ រួមរបស់គណបក្សដែលបានដាក់ចេញជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធការឃោសនា និងបដិឃោសនា ហើយមិនត្រូវភ្លេចជាដាច់ខាត នូវការបន្តប្រពៃណីធ្វើការចិញ្ចឹមចលនា ឲ្យដូចភ្លៀងរលឹម ដើម្បីចញ្ចឹមការគាំទ្រ និងទាក់ទាញការគាំទ្របន្ថែមពីប្រជាពលរដ្ឋ សម្រាប់ឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕