(រតនគិរី)៖ បន្ទាប់ពីមិនព្រមសងលុយថ្លៃសំរាមជាង ៤ម៉ឺនដុល្លារទៅឲ្យក្រុមហ៊ុនប្រមូលសំរាមហើយនោះ នៅពេលនេះតុលាការខេត្តរតនគិរី បានចេញដីការរក្សាការពារដោយសម្រេចមិនឲ្យឧកញ៉ា សា លាង ដែលជាប្រធានក្រុមហ៊ុនហេងតារា អ្នកវិនិយោគផ្សារបានលុងខេត្តរតនគិរី មិនឲ្យដើរយកភាស៊ីនៅមុខផ្សារបានលុង ដែលជាតំបន់លេខ៤ទៀតនោះឡើយ ហើយហាមឃាត់មិនឲ្យយកសំរាមទៅចាក់លើទីតាំងនេះផងដែរ។
ការសម្រេចរបស់តុលាការខេត្តរតនគិរី បានធ្វើឡើងតាមបណ្តឹងរបស់លោក ជា គួង ម្ចាស់ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងបានលុង និងជាម្ចាស់បំណុលរបស់ឧកញ៉ា សា លាង ផងដែរ។ យោងតាមដីការរក្សាការពាររបស់សាលាខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននោះ បានគូសបញ្ជាក់ថា «ហាមឃាត់កូនបំណុល ឈ្មោះ សា លាង ជានាយកក្រុមហ៊ុនហេងតារា អ្នកវិនិយោគផ្សារបានលុងខេត្តរតនគិរី មិនឲ្យបុគ្គលិកឈ្មោះ ជាម សុផាត, ឌី និងអ្នកដទៃទៀត ធ្វើសកម្មភាពយកភាស៊ីនៅតំបន់ទី៤ និងហាមកូនបំណុលយកសំរាមមកចាក់នៅលើដីតំបន់៤ នៃប្លង់ផ្សារបានលុង»។
យោងតាមដីការការពារបានបញ្ជាក់ថា លោកឧកញ៉ា សា លាង ត្រូវបានរដ្ឋបាលសាលាខេត្តរតនគិរី អនុញ្ញាតឲ្យឧកញ៉ា សា លាង យកភាស៊ីតែតែក្នុងតំបន់លេខ១ លេខ២ និងលេខ៣តែប៉ុណ្ណោះ។ ដោយឡែកតំបន់លេខ៤ ដែលជាដីទំនេរវាស់វែង និងប្រគល់ជូនដោយគណៈកម្មការអន្តរក្រសួង មិនអនុញ្ញាតឲ្យយកភាស៊ីនោះឡើយ។
លោក ជា គួង ដែលត្រូវឧកញ៉ា សា លាង ជំពាក់ថ្លៃសំរាមប្រមាណជា ៤ម៉ឺនដុល្លារ បានបង្ហាញការឈឺចិត្តខ្លាំង ចំពោះទង្វើរបស់ឧកញ៉ា សា លាង ដែលមិនត្រឹមតែមិនព្រមសងថ្លៃសំរាមតាមការសម្រេចរបស់សាលាដំបូងខេត្តរតគិរី តែថែមទាំងបន្តយកសំរាមមកគរទុកចោលនៅមុខផ្សារថែមទៀតផង។
លោក ជា គួង បានអះអាងថា ព្រោះតែទង្វើយកអំណាចបំពានច្បាប់របស់ឧកញ៉ា សា លាង នេះហើយ ទើបរូបលោកសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការឲ្យចេញដីការរក្សាការពារមិនឲ្យបុគ្គលរូបនេះទារភាស៊ីពីអាជីវករនៅមុខផ្សារ និងបញ្ឈប់យកសំរាមទៅចាក់ចោលនៅតំបន់នេះទៀត។
ប្រធានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងបានលុង លោក ជា គួង ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះអាជ្ញាធរក្រុងបានលុង ដែលបន្តព្រងើយកន្តើយមិនព្រមចាត់វិធានការទៅលើឧកញ៉ា សា លាង ហើយបន្តឲ្យឧកញ៉ារូបនេះយកសំរាមមកចាក់ចោលសំអុយកណ្តាលទីក្រុង។
បើតាមលោក ជា គួង តាមអនុក្រឹត្យស្តីពីបញ្ហាបរិស្ថាន គឺអាជ្ញាធរត្រូវតែប្តឹងឧកញ៉ា សា លាង យកថវិកាចូលរដ្ឋចំពោះទង្វើបំផ្លាញបរិស្ថានដោយគរសំរាមទុកចោលបែបនេះ។
ប្រធានក្រុមហ៊ុនប្រមូលសំរាមរូបនេះ រំពឹងថា អាជ្ញាធរក្នុងក្រុងបានលុងនឹងមានវិធានការចំពោះឧកញ៉ា សា លាង ហើយក៏សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងចុះអនុវត្តន៍សាលដីការរក្សាការពារទប់ស្កាត់ការយកសំរាមចាក់ចោលនៅមុខផ្សារបានលុង និងបញ្ឈប់សកម្មភាពយកភាស៊ីពីអាជីវករនៅក្រៅផ្សារពីសំណាក់បុគ្គលិករបស់ឧកញ៉ា សា លាង ផងដែរ។
សូមបញ្ជាក់ថា វិវាទមិនព្រមបង់លុយថ្លៃសំរាមរវាងឧកញ៉ា សា លាង នាយកក្រុមហ៊ុន «ហេង តារា» ដែលជាអ្នកវិនិយោគនៅផ្សារបានលុងជាមួយលោក ជា គួង ប្រធានក្រុមហ៊ុន «គីម ជ្រា» ជាអ្នកប្រមូលសំរាមនៅទូទាំងក្រុងបានលុង ដែលអូសបន្លាយអស់ជាច្រើនឆ្នាំមកនោះ កាលពីដើមខែមេសាកន្លងទៅនេះ ត្រូវបានចៅក្រមសាលាដំបូងខេត្តរតនគិរីសម្រេចឲ្យឧកញ៉ា សា លាង សងប្រាក់ថ្លៃសំរាម និងសងជំងឺចិត្តទៅលោក ជា គួង សរុបប្រមាណ ៨៩លានរៀល ស្មើនឹងជាង ៤ម៉ឺនដុល្លារអាមេរិក៕