(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ ស.អ.ក កម្ពុជា បានចុះប្រគល់អំណោយជាផ្ទះ១ខ្នង សាងសង់អំពីឈើប្រក់ស័ង្កសីសាបបាតក្រោម ដល់យោធិនចូលនិវត្តន៍១គ្រួសារ ដែលជីវភាពក្រីក្រ រស់នៅភូមិឆ្អើប សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ពិធីប្រគល់ផ្ទះ១ខ្នង សាងសង់អំពីឈើប្រក់ស័ង្កសី ខាងលើនេះ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានការចូលរួម លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត និងថ្នាក់ដឹកនាំសមាគម។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ផ្ទះ១ខ្នងនេះ ទំហំ៦ម៉ែត្រ គុណ៥ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសីចាក់សាបបាតក្រោម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ដល់យោធិននិវត្តជន១គ្រួសារ ដែលជីវភាពក្រីក្រ ឈ្មោះ ហ៊ុន ហឿត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឆ្អើប សង្កាត់-ក្រុងសំរោង។
លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានបន្តទៀតថា ក្នុងនោះក៏បានផ្តល់អំណោយជូនសមាជិក ស.អ.ក សង្កាត់សំរោង ចូលរួមចំនួន១៤នាក់ ម្នាក់ៗទទួលបានអង្ករ២៥ គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀល។ ដោយឡែកម្ចាស់ផ្ទះ ទទួលបានអង្ករ៥០គីឡូ, ខ្នើយ១គូ, ម៉ុង១, កន្ទេល១, ភួយ១ និងថវិកាចំនួន២០០,០០០រៀល។
ជាមួយគ្នានោះ យោធិននិវត្តជនជីវភាពក្រីក្រ ឈ្មោះ ហ៊ុន ហឿត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំទាំងអស់ បានយកចិត្តទុកដាក់ ដល់គ្រួសារពួកគាត់។ ពួកគាត់គ្មានអ្វីតបស្នងឡើយ មានតែជូនពរ និងប្រសិទ្ធពរជ័យ សិរីសួស្តី ដល់ថ្នាក់ដឹកនាំទាំងអស់៕