(ព្រៃវែង)៖ អគារសិក្សាមួយខ្នង ៤បន្ទប់នៅវិទ្យាល័យពាមរក៍ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានបើកទ្វារឲ្យកូនចៅសប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍ចូលសិក្សាហើយ។
លោក ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងភារិយា បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សានេះ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៨ ម្សិលមិញនេះ។ ថ្លែងទៅកាន់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ៧៤១នាក់ លោក ស្តើង សុខុម បានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរ អសន្តិសុខ ចែកតំបន់ត្រួតត្រាផ្សេងៗគ្នាលើទឹកដីតែមួយដែលពេលនោះកុំថាឡើយការអភិវឌ្ឍ ការកសាងសាលារៀន ផ្លូវ មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ការសិក្សារៀនសូត្រសូម្បីតែឱកាសរក្សាអាយុជីវិតផ្ទាល់ខ្លួនម្នាក់ៗក៏ស្ទើតែគ្មានផង។
លោក ស្តើង សុខុម បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសមានសុខសន្តិភាព ដូចនេះយុវជនខ្មែរត្រូវប្រឹងក្រេបចំណេះដឹង ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិ។ «ពេលនេះប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទទួលបាននូវសន្តិភាពពេញផ្ទៃប្រទេសដែលជាឱកាសមួយសម្រាប់ប្អូនៗ ក្មួយៗខិតខំសិក្សា រៀនសូត្រក្រេបយកនូវចំណេះដឹង ឱ្យក្លាយជាទំពាំងដែលលូតលាស់ល្អ មានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិយើង ដែលយើងត្រូវតែខិតខំថែរក្សាឱ្យបាននូវសន្តិភាពនេះ»។
លោក សុខុម បន្តថា «នៅពេលនេះប្អូនៗ ក្មួយៗមានឱកាសរៀនសូត្រ ធ្វើការងារតាមបំណងប្រាថ្នារបស់ខ្លួន ប៉ុន្តែពេលនេះដែរកាលពីជាង ៤០ឆ្នាំមុនលោកគ្រូ អ្នកគ្រូ ឪពុក ម្តាយ លោកយាយ លោកតា និង ប្រជាជនយើងទូទាំងប្រទេសកំពុងរងទុក្ខសោក ស្រេកឃ្លាន ប្រឈមការតាមសម្លាប់ដោយពួកអាវខ្មៅប្រល័យពូជសាសន៍ប៉ុលពត ទូទាំងប្រទេស គ្មានសិទ្ធិសេរីភាព ហូបចុកមិនគ្រប់គ្រាន់ បង្ខំឱ្យធ្វើការហួសកម្លាំង គ្មានថ្នាំដង្កូវព្យាបាល កាប់សម្លាប់ជនជាតិខ្លួនឯង ប្រែក្លាយសាលារៀន វត្តអារាម មន្ទីរពេទ្យ ជាមន្ទីរឃុំឃាំងសម្រាប់ដាក់ប្រជាជនស្លូតត្រង់ កាត់ទោសដោយចិត្តឯងគ្មានតុលាការវិនិច្ឆ័យទោស»។
លោក ស្តើង សុខុម ក៏បានលើកបង្ហាញ ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិផងដែរ។ បើតាមអនុប្រធានក្រុមការងារចុះជួយស្រុកពាមរក៍រូបនេះ បានអះអាងថា ដោយមើលឃើញប្រវត្តិសាស្រ្តបែបនេះហើយ ទើបរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំគ្រប់បែបយ៉ាងក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ចូលរួមធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ពង្រីកទីផ្សារថ្មីដូចជា ជប៉ុន ចិន កូរ៉េ សហគមន៍អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មានន័យថារាជរដ្ឋាភិបាល ចង់ឲ្យប្រជាពលរដ្ឋ មានប្រាក់ខែ ឬប្រាក់ចំណូលកាន់តែខ្ពស់ កាន់តែធូរធារឡើង មានសិទ្ធសេរីភាពក្នុងការជ្រើសរើសមុខរបរចិញ្ចឹមជីវិតដោយស្របច្បាប់។
ទាក់ទងនឹងវិស័យអប់រំ លោក ស្តើង សុខុម បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងគុណភាពអប់រំនៅគ្រប់ភូមិសិក្សាដើម្បីឲ្យធនធានយុវជនយើងកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីផ្សារការងារទំាងក្នុងស្រុក និងលើទីផ្សារការងារអន្តរជាតិ។ចំណែកប្អូនៗ ក្មួយៗ ដែលជាកោសិការមួយនៃសង្គមជាតិយើងត្រូវខិតខំសិក្សារៀនសូត្រ ទាំងជំនាញវិជ្ជាជីវៈ ទំាងភាសាអង់គ្លេស ទាំងបច្ចេកវិទ្យាកុំព្យូទ័រ ហើយខិតខំយកទ្រឹស្តីចំណេះដឹងទាំងនោះទៅធ្វើឱ្យបានជាប្រយោជន៍ទើបជោគជ័យ។
«ជាក់ស្តែងអគារសិក្សា១ខ្នង ៤បន្ទប់ដែលទើបបានកសាងជាថ្មីឡើងវិញនិងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ ក្នុងពេលនេះគឺបានមកពីទឹកចិត្តសប្បុរស់ធម៌របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលសម្តេចនិងលោកជំទាវតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដូចក្រុមមនុស្សខ្លះបានតែសន្យា មិនធ្វើ ពេលប្រជាពលរដ្ឋមានការលំបាករត់ចោលនោះឡើយ»។ លោក សុខុម បញ្ជាក់បន្ថែម។
លោកស្រី សេង ទៀង អភិបាល នៃគណៈអភិបាលស្រុកពាមរក៍បានលើកឡើងថា ស្រុកពាមរក៍មានគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន៤០កន្លែង មានអគារសិក្សាសរុប១១២ខ្នងស្មើនឹង៤១២បន្ទប់ដែលចែកជា បឋមសិក្សាមាន៣១កន្លែងមានសិស្សមត្តេយ្យសិក្សាចំនួន ៧៨៥នាក់ (ស្រី៣៦០នាក់) សិស្សបឋមសិក្សាចំនួន៧៤៣៧នាក់(ស្រី៣៥៥៨នាក់)។អនុវិទ្យាល័យ ៨កន្លែង និងវិទ្យាល័យ១កន្លែង មានសិស្សានុសិស្សចំនួន៣៤៦៣នាក់(ស្រី១៨១៩នាក់)។ មានបុគ្គលិកសិក្សាសរុបចំនួន៥៣៦នាក់ (ស្រី២៤៧នាក់)។ ក្នុងនោះវិទ្យាល័យពាមរក៍មានអគារសិក្សាសរុប ៨ខ្នងស្មើនឹង ៤៤បន្ទប់ មានបុគ្គលិកសិក្សា១១៤នាក់(ស្រី៤៥នាក់) សិស្សសរុបចំនួន១៨៩៥នាក់(ស្រី៩៨៣នាក់)។
នៅចុងបញ្ចប់មតិសំណេះសំណាលលោក ស្តើង សុខុម បានជូនអាវយឺតដែលជាការឧបត្ថម្ភដោយសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៧៤១នាក់ក្នុងម្នាក់ៗចំនួនមួយផងដែរ។
ដោយឡែកមន្រ្តីរាជការលោកគ្រូ អ្នកគ្រូចំនួន ៣៩៦នាក់ទទួលបានថវិកាបន្ថែមចំនួន៣ម៉ឺនរៀលក្នុងម្នាក់ៗនិងឧបត្ថម្ភដល់ វិទ្យាល័យពាមរក៍ចំនួន៣លាន២សែនរៀលសម្រាប់ចាត់ចែងរៀបចំពិធីសម្ភោធនេះ។គួរបញ្ជាក់ថា ការជួសជុល កសាងឡើងវិញអគារសិក្សា១ខ្នង ៤បន្ទប់នេះចំណាយអស់ទឹកប្រាក់ចំនួន១៨ ៦៦៤ដុល្លារ និង៩ ០២៨ ៥០០រៀល និងបានផ្តាំផ្ញើដល់អង្គពិធីទាំងមូលថាចង់បានសន្តិភាព ចង់បានការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយថែមទៀតជាពិសេសទប់ស្កាត់ ការវិលត្រឡប់នៃសង្គ្រាមសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន ថែមទៀត។ បន្ទាប់មកលោក ស្តើង សុខុម និងគណៈអធិបតីបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់អគារសិក្សានេះ ចាប់ពីពេលនេះតទៅ៕