(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានច្រានចោលការចោទប្រកាន់មកខ្លួនថា ជាស្ថាប័នមិនអព្យាក្រឹត្យ។ គ.ជ.ប ក៏បានសម្តែងការសោកស្រាយចំពោះការវាយប្រហារថា គ.ជ.ប បំពេញការងារមិនបានត្រឹមត្រូវផងដែរ។
លិខិត គ.ជ.ប ដែលបានផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសា បានឱ្យដឹងយ៉ាងដូច្នេះថា «គ.ជ.ប មានការសោកស្តាយចំពោះការលើកឡើងថា គ.ជ.ប បំពេញការងារមិនបានត្រឹមត្រូវ ដែលតាមពិតប្រជាពលរដ្ឋខ្មែរ គួរតែមានមោទនភាពជាតិ ចំពោះសមិទ្ធផលដ៏ធំធេងនេះ»។
ការប្រកាសរបស់គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន រួមទាំងអ្នកនយោបាយប្រឆាំង បានប្រកាសអំពីការមិនចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ គណបក្សដែលមិនចូលរួម បានចោទគ.ជ.បថាមិនឯករាជ្យ ហើយធ្វើការមិនបានល្អ។
សេចក្តីប្រកាសគ.ជ.ប បានបញ្ជាក់បន្តថា គ.ជ.ប ត្រូវបានទទួលស្គាល់ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត ជាពិសេសលទ្ធផលការងាររបស់ខ្លួន នៃការរៀបចំការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ នៅទីក្រុងប្រ៊ុយសែល សេចក្តីថ្លែងការណ៍រួម សហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះផងដែរ។
គ.ជ.ប បានបន្តទៀតថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ បានកោតសរសើរ គ.ជ.ប ដែលបានខិតខំរៀបចំការបោះឆ្នោតឃុំ សង្កាត់នេះ ប្រកបដោយរបៀបរៀបរយ និងស្ងប់ស្ងាត់ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា គណបក្សនយោបាយ និងស្ថាប័ននានានៅកម្ពុជា ទទួលយកលទ្ធផល នៃការបោះឆ្នោតដោយស្ងប់ចិត្ត។ ការដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តាច់ជំនួយពីគ.ជ.ប គឺជាហេតុផលផ្សេងមិនមែន គ.ជ.ប ធ្វើការមិនត្រឹមត្រូវនោះទេ។ គ.ជ.ប ក៏គ្មានហេតុផលអ្វីត្រូវបោះបង់ចោលសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ខ្លួន ដែលទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេសអ្នកជំនាញការរបស់សហរដ្ឋអាមេរិក សភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដែលមានទីស្នាក់ការផ្ទាល់ជាមួយ គ.ជ.ប ជាយូរឆ្នាំមកហើយ និងដែលបានស្គាល់ច្បាស់ពីសកម្មភាពពិតរបស់គ.ជ.ប។
គ.ជ.ប បានបន្ថែមទៀតថា ជាងនេះទៅទៀត ដើម្បីតម្លាភាពពេញទី លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ក៏បានស្នើសុំ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឱ្យបង្កើតការិយាល័យ UN ប្រចាំនៅគ.ជ.ប សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ នាឱកាសជំនួបជាមួយគ្នា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ផងដែរ។
សូមបញ្ជាក់ថា បើទោះបីជាមានគណបក្សមួយចំនួនតូច ដែលកំពុងអត់លទ្ធភាពក្នុងការដាក់បេក្ខជន ប្រកាសមិនចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែក៏មានគណបក្សនយោបាយជាច្រើនទៀត កំពុងត្រៀមខ្លួន ហើយប្រកាសចូលរួមនៅក្នុងការបោះឆ្នោត នៅចុងខែកក្កដា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរបោះឆ្នោតដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕
ខាងក្រោមនេះជាការប្រកាសរបស់គ.ជ.ប៖