(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យមកពីទីក្រុងហូជីមិញ និងខេត្តតៃនិញ ប្រទេសវៀតណាម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានទទួលពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ជំងឺទូទៅមនុស្សចាស់ កុមារ បេះដូង សួត ជំងឺផ្លូវអាហារ និងអេកូសាស្ត្រជាដើម ជាពិសេសលើជំងឺភ្នែក ដោយមានក្រុមគ្រូពេទ្យឯកទេសជំនាញ ព្យាបាល និងវះកាត់ ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យព្យាបាលជំងឺភ្នែក និងជំងឺទូទៅដោយឥតគិតថ្លៃនេះ ក្រោមការស្នើសុំអញ្ជើញពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយសហការ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងខេត្តត្បូងឃ្មុំ សរុបប្រមាណ១៥០នាក់ រួមទាំងមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុងសួងផងដែរ។
លោក កែវ វណ្ណៈ បានឲ្យដឹងថា រយៈពេល២ថ្ងៃកន្លងទៅ គឺនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ១,២០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលឥតគិតថ្លៃ ហើយពួកគាត់បានថ្លែងអំណរគុណ និងសម្តែងនូវការត្រេកអរសប្បាយរីករាយ ដែលទទួលបានការពិនិត្យព្យាបាល និងទទួលថ្នាំឥតគិតថ្លៃ ដោយមិនចាំបាច់ចំណាយលុយ ទៅពេទ្យឯកជនព្រមទាំងសំណូមពរ ឲ្យមានសកម្មភាពមនុស្សធម៌បែបនេះជាបន្តឲ្យច្រើនបន្ថែមទៀត។
ឆ្លើយតបតាមការលើកឡើង របស់ពលរដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចុះពិនិត្យឥតគិតថ្លៃនេះ គឺតែងតែមានជាបន្តបន្ទាប់ជាប់ ជាប្រចាំ តាមរយៈការកន្លងមកដូចជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពញាចក្រី ហេង សំរិន, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន មានី ជាដើម និងសន្យាថា បន្តធ្វើជាបន្តទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំតែម្តង៕