(ពោធិ៍សាត់)៖ ប្រជានេសាទម្នាក់ បានប្រទះឃើញសាកសព បុរសម្នាក់អណ្ដែតទឹកស្ទឹង «ពោធិ៍សាត់» បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច ដែលត្រូវបានគេសង្ស័យថា ជាករណី ឃាតកម្ម។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង នាវេលាម៉ោង០៦៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចក្បែរសំណង់ទ្វាទឹកដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ស្ថាប័នជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវក្នុងករណីនេះ បានឲ្យដឹងថា សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ យន់ ឡេវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ សំណង់ការដ្ឋានស្ពានដំណាក់អំពិល (កន្លែងកើតហេតុ) រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមសមត្ថកិច្ច ពិនិត្យលើខ្លួនប្រាណសាកសព ឃើញមានស្នាមរបួស ដូច្នេះជនរងគ្រោះស្លាប់ ដោយធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យលង់ស្លាប់ ក្រោយពេលរងរបួស បន្ទាប់ពីមានទំនាស់ វាយតប់គ្នា នៅក្នុងវង់រាំមង្គលការ កូនអ្នកភូមិក្បែរនោះ។
ប្រភពខាងលើ បន្តទៀតថា ហេតុការណ៍សង្ស័យករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង០៨៖២០នាទីយប់ ថ្ងៃទី២៦ ខែឆ្នាំដដែល ស្ថិតក្នុងភូមិ-ឃុំខាងលើ។ នេះបើយោងតាម ប្រភពនានា ជុំវិញកន្លែងហេតុការណ៍ ដែលបានកើតឡើង ក្រោយធ្វើការស្រាវជ្រាវ ដូច្នេះករណីខាងលើនេះ ស្ថិតក្នុងការបើកការសើបអង្កេត បន្តនៅឡើយ៕