(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង អាជ្ញាធរខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពុទ្ធបរិស័ទ្ធ ជាង២ពាន់នាក់ បានរួមគ្នាប្រារព្ធ ពិធី «បុណ្យវិសាខបូជា» ដោយដង្ហែរក្បូនជុំវិញក្រុងសួង យ៉ាងអធិកអធម ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន ជាពិសេសសូមឲ្យសង្គមជាតិ មានសុខសន្តិភាព ជាដ៏រាបរៀងទៅ។
ពិធីនេះ មានការចូលរួមពីលោកសាស្ត្រាចារ្យ ធាគ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់សួង, លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ, លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចហេងសំរិន និងលោក ជា ណារ៉ុន អភិបាលក្រុងសួង រួមទាំងមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលក្រុងសួង។
ជាមួយគ្នានោះ មានព្រះសង្ឃមកពីវត្តចំនួន៧ ក្នុងក្រុងសួង លោក-គ្រូ អ្នក-គ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ សរុបទាំងអស់ប្រមាណ ជាង២ពាន់នាក់។ ក្នុងនោះផងដែរ ក៏មាន ពិធីជាច្រើនទៀត ជាពិសេសនាពេលយប់ មានការបាញ់កាំជ្រួច បង្កោះគោមចំនួន១០០គោមទៀតផង។
ព្រះចៅអធិការវត្ត វិហារទន្ទឹម បានមានសង្ឃដីការថា ពិធីនេះ ប្រារព្ធឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាល របស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នា ពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែ ពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីបុណ្យ «វិសាខបូជា» ក្នុងបរិវេណវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង នាឱកាសនោះ លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា ពិធីបុណ្យដែលធ្វើឡើង យ៉ាងអធិកអធមនេះ មានឱកាសធ្វើឡើងទៅបានអាស្រ័យ ទៅលើកត្តាមួយចំនួន រួមមាន៖
* កត្តាសន្តិភាពរបស់ប្រទេស មានន័យថា ប្រទេសនៅលើសកលោក ពិសេសប្រទេសកម្ពុជា បើគ្មានសុខសន្តិភាពទេ ពោរពេញសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋទេ ថ្ងៃនេះច្បាស់ណាស់ គឺមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។
* កត្តាវឌ្ឍនៈភាពនៃសង្គម មានន័យថា ការអភិវឌ្ឍន៍គ្រប់វិស័យ មានសាលរៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម -ល- ទាំងនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែលធ្វើឲ្យពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា។
លោកសាស្ត្រាចារ្យ បានបន្ដថា ពិសេសពិធីបុណ្យវិសាខបូជា ដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាម វត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទំលាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់នល់។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបន្ថែមទៀតថា ចម្លែកជាងគេនោះ ទូទាំងសកលលោក គឺសម័យប៉ុលពត ការកាប់សម្លាប់ប្រល័យពូជសាសន៍ នៅកម្ពុជា រងការខ្ទេចខ្ទាំ បំភ្លេចបំផ្លាញគ្មានសល់ នាសម័យនោះ កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយ៉ង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល។
លោកថា សម័យនោះ ធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោម សម័យសន្តិភាព និងអភិវឌ្ឍន៍ របស់សម្តេចតេជា។
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ និងអភិបាលរងខេត្ត បានអំពាវនាវដល់ ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវរួមគ្នាថែរក្សា ទ្រទ្រង់សន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តឲ្យសង្គមជាតិ មានការរីកចំរើន នឹងមានឱកាសពេញលេញ ប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា៕