(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយគណបក្សស្រុក គណបក្សឃុំទាំង១៨ សាខាបក្សភូមិទាំង១៨៨ ក្នុងស្រុកបារាយណ៍ប្រមាណ ៧០០នាក់ ដើម្បីណែនាពីផែនការលម្អិត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ពន្យល់ពីនីតិវិធី និងបទបញ្ជានៃការឃោសនាបោះឆ្នោតរួចមក លោក ថោង ខុន បានជម្រាបសមាជិកបក្សពីសភាពការរីកចម្រើន ទាំងនយោបាយ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ពិសេស លោកបានបញ្ជាក់ច្បាស់ពីការគាំទ្រដ៏រឹងមាំពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការដឹកនាំរបស់សម្តេចតេជោ។
លោក ថោង ខុន បានណែនាំដល់គណបក្សស្រុក គណបក្សឃុំទាំង១៨ សាខាបក្សភូមិទាំង១៨៨ ក្នុងស្រុកបារាយណ៍ ត្រូវបន្តយកចិត្តគ្រប់គ្រងសភាពការណ៍ សតិអារម្មណ៍នយោបាយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ខិតខំធ្វើអំពើល្អ យកចិត្តទុកដាក់ចុះជាប់ សមាជិកបក្ស គ្រួសារបក្ស ហើយត្រូវបំផុសចលនាប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សយប្រជាជនឲ្យបានកាន់តែច្រើនថែមទៀតទៅបោះឆ្នោតជូនគណបក្សប្រជាជន។
លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ តម្លាភាព និងពិនិត្យដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានជាក់ស្តែង និងមានប្រសិទ្ធភាព៕