(ស្វាយរៀង)៖ សមាជិកបក្សប្រជាជនកម្ពុជាថ្មី ចំនួន១៧៥នាក់ទៀត ត្រូវបានប្រកាសបញ្ចូល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្ដមាន លោកបណ្ឌិត ជ័យ សុន ប្រធាន ក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលបានរៀបចំធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
នៅក្នុងពិធីខាងលើនេះ ក៏មានការចូលរួមពីលោក ពេជ្រ សាវ៉ាន់ សមាជិកគណៈកម្មាធិការបក្សខេត្ត លោក លឹម សៀងហេង អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ និងលោក លោកស្រី ជាសមាជិកបក្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីប្រកាសបញ្ចូល សមាជិកបក្សប្រជាជនកម្ពុជាថ្មី ចំនួន១៧៥នាក់ ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ ក៏បានអំពាវនាវ ដល់សមាជិកបក្សទាំងអស់ ត្រូវរួមគ្នាថែរក្សាតំលៃ នៃសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ជ័យ សុន ក៏បាននាំនូវការបណ្តាំផ្ញើសាកសួរ សុខទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង ដែលតែងតែនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង និងបានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
លោក បានថ្លែងប្រាប់សមាជិកបក្សទៀតថា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ គឺដោយសារមានការដឹកនាំ ដ៏ត្រឹមត្រឹមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបានជំរុញដល់សមាជិកបក្សថ្មី ទាំងអស់ត្រូវចេះសាមគ្គីគ្នា ចេះស្រឡាញ់គ្នាធ្វើអំពើល្អ ជាពិសេសត្រូវគៀងគរសមាជិកបក្សថ្មី ឲ្យចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត។
លោកបណ្ឌិត ជ័យ សុន បានបន្ដថា មួយវិញទៀត ថ្ងៃបោះឆ្នោតជ្រើសរើស តំណាងរាស្ត្ររដ្ឋសភា ជិតចូលមកដល់ហើយ ដូច្នេះសមាជិកបក្សទាំងអស់ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺមនុស្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះ សមាជិកបក្សម្នាក់ៗ ទទួលបានសារ៉ុងមួយ និងថវិកា១ម៉ឺនរៀលផងដែរ៕