(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ក្នុងចំណោម៦នាក់ បានរងបួសធ្ងន់-ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford បុកជាមួយរថយន្តដឹកប្រេង នៅវេលាម៉ោង០៨៖១៥នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦៤ ចំណុចអូរប្រាំព្យាម ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុរថយន្ត Ford បើកបរក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ដោយមានមនុស្ស៦នាក់ ជិះក្នុងរថយន្តលុះដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោងរថយន្ត Ford បានជ្រុលចង្កូត ចូលផ្លូវរថយន្តដឹកប្រេង ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តដឹកប្រេងរេធ្លាក់ផ្លូវ ដោយឡែករថយន្ត Ford បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាល ឲ្យមនុស្សរបួសធ្ងន់-ស្រាល ចំនួន៣នាក់។ ភ្លាមៗនោះ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។
លោកអធិការស្រុក បានបន្តទៀតថា រថយន្ត Ford ជារថយន្តរបស់ក្រុមហ៊ុនចិនចំការអំពៅ «រ៉យហ្វេង» ហើយអ្នកបើករថយន្ត គឺជាជនជាតិចិន ដោយមានអ្នករួមដំណើរ៥នាក់ទៀត ក្នុងនោះ ក៏មានជនជាតិខ្មែរផងដែរ។ ចំណែកខាងរថយន្តដឹកប្រេង មិនមានរបួសនោះទេ គ្រាន់តែខូចផ្នែកខាងមុខប៉ុណ្ណោះ។ រថយន្តដឹកប្រេងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប៊ីវីអឹម ភេត្រូលៀម ។ ករណីនេះសមត្ថកិច្ចធ្វើកំណត់ហេតុ ដើម្បីនាំយករថយន្តទាំង២ យកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ករណីនេះចាត់ទុកជាមហាសំណាង របស់ជនរងគ្រោះជាជនជាតិចិន និងអ្នករួមដំណើរទាំង៦នាក់ នៅក្នុងរថយន្ត Ford នេះ បើធៀបនឹងករណីដូចគ្នា រថយន្ត Lexus 470 បុករថយន្តដឹកប្រេង នៅខេត្តកោះកុងម្សិលមិញ គឺឆេះស្លាប់ទាំងអស់ ដូច្នេះសូមបងប្អូន ដែលបើកបរនៅតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់គ្នា ជៀសវាង កុំឲ្យមានវិប្បដិសារី ដល់ក្រុមគ្រួសារមិត្តភក្ដិ៕