(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ បានប្រាប់មេក្រុមបក្ស គ្រួសារបក្សមកពី១០ភូមិ ក្នុងឃុំទាំងអស់ជិត៤ពាន់នាក់ថា ត្រូវដឹងសុខទុក្ខ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីទទួលបានសំឡេងគាំទ្រដល់ CPP ឈ្នះឆ្នោត ខណៈពេលថ្ងៃបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៦ ជិតមកដល់ខាងមុខនេះ។
ការថ្លែងប្រាប់រំលឹកយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ប្រកាសមេក្រុមបក្ស និងសំណេះសំណាល ជាមួយគ្រួសារបក្ស ចំនួន៣,៧៣៧នាក់ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង រយៈពេល៥ថ្ងៃ ចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
លោកបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុប្រធាន គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារ ចុះជួយខេត្តបាត់ដំបង និងលោក សុខ ផល ប្រធានក្រុមការងារ ចុះជួយស្រុកបាណន់មក ក្រុមការងា CPP ចុះជួយ ឃុំភ្នំសំពៅ តែងតែបានយកចិត្ត គិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យជាច្រើន ព្រមទាំងចែក អំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតមក។
លោកប្រធានបានបញ្ជាក់ថា ទោះជាមានសមិទ្ធិផលជាច្រើន លើគ្រប់វិស័យហើយក៏ដោយ តែសេចក្តីត្រូវការ និងភាពចាំបាច់ របស់ប្រជាពលរដ្ឋ ក្រុមការងារ នៅតែបន្តតាមជួយរហូត ដូចជាជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារទាំងអស់គ្នា បានចុះមកសំណេះសំណាល ដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាសូមឲ្យក្រុមការងារមូលដ្ឋាន បម្រើសេវាសាធារណៈជូនពួកគាត់ ឲ្យបានល្អរៀងរហូតតទៅ។
លោកបានបន្តថា ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ គឺគ្មានបក្សណាអាច យកឈ្នះឆ្នោត ក្រៅពីគណបក្សប្រជាជនកម្ពុជា នោះបានឡើយ ព្រោះគណបក្សប្រជាជន មានធនធាន លទ្ធភាព សមត្ថភាព លក្ខណៈសម្បត្តិ គ្រប់គ្រាន់រឹងមាំ ហើយបានធ្វើល្អត្រឹមត្រូវបំផុត ជាមួយប្រជាពលរដ្ឋ គ្រប់បែបយ៉ាង ប្រជាពលរដ្ឋស្រឡាញ់ ទើបបក្ស CPP កាន់អំណាចបានយូរជាងបក្សដទៃ ក៏ដូចជាក្នុងរបបដឹកនាំមុនៗ ផ្សេងទៀតផងដែរ។
លោក ហែម ថេង បានបន្តទៀតថា មេក្រុមបក្សទាំងអស់ ត្រូវប្រាប់សមាជិកបក្សតាមខ្នងផ្ទះពួកគាត់ថា បើចង់ឈ្នះឆ្នោត សមាជិកសូមអនុវត្ត៤កុំ ទី១៖ បងប្អូនកុំស្តាប់, ទី២៖ កុំជឿតាម, ទី៣៖ កុំធ្វើតាម, ទី៤៖ កុំចាញ់បោកបក្សដទៃ ជាបក្សប្រឆាំងបន្តទៀត តែត្រូវអនុវត្ត៤ល្អ គឺ៖ ត្រូវស្តាប់, ត្រូវធ្វើតាម, ត្រូវស្មោះត្រង់ និងត្រូវបោះឆ្នោតគាំទ្របក្ស តាមគោលនយោបាយ CPP និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានជោគជ័យ ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសជាតិ កសាងអភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសបញ្ចប់សំណេះសំណាលនោះដែរ គណៈអធិបតី ក៏បានចែកសៀវភៅគ្រួសារបក្ស ជូនសមាជិកចូលរួមទាំងអស់ និងជូនថវិកាកម្តរដៃម្នាក់ៗ ទទួលបាន២ម៉ឺនរៀលផងដែរ។
ប្រជាពលរដ្ឋជាមេក្រុមបក្ស មកពីភូមិទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារ CPP គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងបានជួយដោះស្រាយកង្វល់ ការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលារហូតមក ហើយនៅតែបន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានស្ថេរភាព សុខសន្តិភាព និងបន្តអភិវឌ្ឍន៍ ប្រទេសជាតិ៕