ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទជាង១ពាន់នាក់ រួមគ្នាធ្វើបុណ្យ «វិសាខបូជា» សុំសេចក្តីសុខ និងសន្តិភាព
29-04-2018 13:49
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត, មន្ត្រីក្រោមឱវាទ នៃរដ្ឋបាលក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទមូលដ្ឋាន រួមគ្នាធ្វើពិធីបុណ្យវិសាខបូជា ដោយបានបួងសួង ដង្ហែក្បូនសុំឲ្យសង្គមជាតិ មានសុខសន្តិភាព និងសុំសេចក្តីសុខ ក្នុងការរស់នៅតាមក្រុមគ្រួសារនីមួយៗ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា នៅទូទាំងសកលលោក បានរួមគ្នារៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ មិនដែលខកខាន គឺបុណ្យវិសាខបូជា។
វិសាខបូជា ជាពិធីបុណ្យ ដែលពុទ្ធសាសនិក ចាត់ទុកថា ជាបុណ្យសំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត នៃព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ រៀបចំឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃ ខែដូចៗគ្នា ប៉ុន្តែខុសតែឆ្នាំប៉ុណ្នោះ។ ទាំងថ្ងៃប្រសូត្រ ថ្ងៃបានត្រាស់ដឹង និងបរិនិព្វាន របស់ព្រះអង្គ គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
បុណ្យវិសាខបូជានេះដែរ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ពិធីបុណ្យវិសាខបូជានេះដែរ នៅវត្តឃោសត្ថារាម ហៅវត្តស្រះត្រាច ស្ថិតក្នុងក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ គេសង្កេតឃើញមាន ប្រជាពលរដ្ឋក្មេងចាស់ច្រើនកុះករ បាននាំយកចង្ហាន់ បច្ច័យ និងផ្កាភ្ញីជាដើម យកទៅប្រគេនព្រះសង្ឃ និងរាប់បាតជាដើម។ ពួកគេម្នាក់ៗ បានបង្ហាញទឹកមុខសប្បាយរីករាយ និងបានដុតធូបបួងសួងសុំសេចក្តីសុខផ្សេងៗ។
លោកអភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពុទ្ធបរិស័ទត្រូវ ត្រូវរួមគ្នាថែរក្សាសន្តិភាពជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីឲ្យសង្គមជាតិមានការរីកចំរើនថែមទៀត នាថ្ងៃអនាគត។ ពិធីបុណ្យនេះ រំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូល ឲ្យរីកចំរើនច្រើនទៀត ដើម្បីមានឱកាសធ្វើបុណ្យវិសាខបូជា ជាមួយគ្នាបន្តទៀតនាថ្ងៃខាងមុខ។
ព្រះសង្ឃគង់វត្តខាងលើ បានសង្ឃដីការថា បុណ្យវិសាខបូជាឆ្នាំនេះ ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋ ក្រោមរដ្ឋបាលក្រុង បានធ្វើពិធីដើរហែក្បួនតាមផ្លូវ ចាប់ពីរង្វល់មូលឋានសួគ៌ តាមផ្លូវសាធារណៈសំខាន់ៗ មួយចំនួន មានវិថីជាដើម ឆ្ពោះទៅទីតាំងប្រារព្ធពិធីធំផ្លូវការ នៅវត្តខាងលើនេះ ដោយបានរៀបចំរូបគំនូផ្សេងៗ ដែលទាក់ទងពិធីបុណ្យវិសាខបូជា តាមបែបព្រះពុទ្ធសាសនា។
បុណ្យនេះ មានថ្នាក់ដឹកនាំ មកពីមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលក្រុងប៉ោយប៉ែត បានចូលរួមច្រើនកុះករ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមធ្វើពិធីបុណ្យវិសាខបូជានេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់។ នៅទីតាំងក្នុងបរិវេណវត្តឃោសត្ថារាម ហៅវត្តស្រះត្រាច និងនៅតាមផ្លូវសាធារណៈសំខាន់ៗ មានវិថីជាដើម បានដាក់តាំងផ្ទាំងប៉ាណូ ឬផ្ទាំងគំនូរាប់សិបផ្ទាំង ដែលជាប់ទាក់ទងប្រវត្តិ របស់ព្រះពុទ្ធសាសនា ឬប្រវត្តិនៃពិធីបុណ្យវិសាខបូជានេះ គួរជាទីគយគន់៕