(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ដល់សហគ្រិន ក្នុងស្រុកជាច្រើន ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងគោលបំណង ជំរុញឲ្យមានការផលិត ឲ្យបានច្រើននិង ផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។ ទន្ទឹមនឹងនោះដែរ សហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា នៅតែមានបញ្ហាប្រឈមដដែល សម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន ហើយបញ្ហាចម្បង សម្រាប់សហគ្រិនកម្ពុជា គឺកង្វះទុន សម្រាប់ពង្រីកអាជីវកម្មតែម្ដង។
លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងកម្ពុជាជាច្រើន បានខិតខំបង្កើតអាជីវកម្ម និងកែច្នៃ អាជីវកម្មរបស់ខ្លួនបានល្អ មួយកម្រិត ហើយបើធៀបនឹងកាលពីប៉ុន្មានឆ្នាំមុននោះ។ ក៏ប៉ុន្តែបញ្ហាប្រឈម នៅតែកើតឡើង ចំពោះសហគ្រិនវ័យក្មេង ដោយសារមិនមានទុន គ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម ហើយមានធនាគារតិចណាស់ ដែលអាចផ្ដល់កម្ចីទៅពួកគាត់ ដោយមិនទាមទារយកទ្រព្យបញ្ចាំ។
លោក គួច ផេង បានបន្តថា ក្រៅពីកង្វះហិរញ្ញវត្ថុសម្រាប់អាជីវកម្មហើយនោះ បញ្ហាប្រព័ន្ធគ្រប់គ្រង ក៏ជាកត្តាប្រឈមមួយ សម្រាប់សហគ្រិនកម្ពុជាដែរ ដូចនេះហើយយើងក៏ត្រូវការទាមទារ ឲ្យមានការជួយជ្រោមជ្រែង ពីបណ្ដាស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញសម្រាប់បណ្ដុះបណ្ដាលដល់សហគ្រិននានា ។
លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួលលីលី និងជាអតីតប្រធាន សមាគមសហគ្រិនស្ត្រីកម្ពុជា ធ្លាប់បានថែ្លងថា អាជីវកម្មរបស់សហគ្រិនស្ត្រីមួយចំនួនបាន ដំណើរការល្អទៅមុខ ហើយចង់ពង្រីកឲ្យធំធាត់បន្ថែមទៀត ប៉ុន្តែការរារាំងមិនអាចឲ្យពង្រីកបាននោះ គឺហិរញ្ញវត្ថុតែម្ដងអញ្ចឹងហើយ ពួកគាត់ក៏បានងាកមក ពង្រីកបន្តិចម្ដងៗ ទៅតាមធនធានដែលខ្លួនមាន។
លោកស្រីបន្តថា បើសិនជាដំណើរការធនាគារ SME របស់រាជរដ្ឋាភិបាលចេញជាផ្លែផ្កាលឿននោះ បញ្ហាសម្រាប់សហគ្រិនទៅលើការពង្រីក អាជីវកម្ម អាចនឹងកាត់បន្ថយ ហើយសហគ្រិន ដែលខ្វះទុនតែចង់ពង្រីកអាជីវកម្មបន្ថែម អាចសរសេរសំណើរទៅកាន់ធនាគារ ដើម្បីយកហិរញ្ញវត្ថុមកពង្រីកអាជីវកម្មរបស់ខ្លួនបាន។
គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៩,៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕