(ប៉ៃលិន)៖ ផ្ទះប្រជាពលរដ្ឋចំនួន២១ខ្នង និងផលដំណាំចំនួន៣០ហិកតា ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ត្រូវបានជន់លិចដោយទឹកភ្លៀង នាវេលាម៉ោង០២៖១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់ពីលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន។
លោក ង៉ា លីហុង បានឲ្យដឹងថា បើតាមប្រជាពលរដ្ឋ រាយការណ៍បឋមកាលពីយប់ថ្ងៃទី២៨ ខែមេសាថា ជំនន់ទឹកភ្លៀង បានលិចផ្ទះ របស់ពួកគាត់ចំនួន៥០ខ្នង ប៉ុន្តែនៅពេលក្រុមការងារ របស់មន្ទីរមកពិនិត្យ ជាក់ស្តែងនៅព្រឹកនេះ គឺមានតែ២១ខ្នងផ្ទះ និងផលដំណាំ៣០ហិកតាប៉ុណ្ណោះ ហើយនៅពេលនេះ ទឹកបានស្រកជាបណ្តើរៗហើយដែរ។
លោកប្រធានមន្ទីរ បានបន្តទៀតថា ជាមួយនិងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះដែរ ក្រុមការងារ របស់មន្ទីរធនធានទឹក បាននិងកំពុងចុះអន្តរាគមន៍ បើមុខទឹកបង្ហូរតាមប្រឡាយ ធ្វើយ៉ាងណាជួយសង្រ្គោះផលដំណាំប្រជាពលរដ្ឋ និងផ្ទះដែលរងគ្រោះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន រូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទឹកភ្លៀង ដែលជន់លិចខាងលើនេះ អាចនិងស្រក ហើយពលរដ្ឋអាចធ្វើដំណើរជាធម្មតាវិញ នៅពេលល្ងាចនេះផងដែរ៕