Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលប៉ៃលិន ស្នើដល់ប្រធានបក្សភូមិ បក្សឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

29-04-2018 12:49

(ប៉ៃលិន)៖ លោកស្រី​ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋជាង ៤០០នាក់ នៅភូមិអូរប្រើស សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រី​ បាន ស្រីមុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន ត្រូវចុះសាកសួរសុខទុក្ខ និងខិតខំដោះស្រាយ មានជីវភាពខ្វះខាតជាបន្តបន្ទាប់ មិនបណ្តោយឲ្យ ពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

ជាក់ស្តែងនៅពេលនេះ លោកស្រី បានដឹកនាំក្រុមការងារ ចុះមកសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដោយផ្ទាល់តែម្តង ដើម្បីស្តាប់នូវសំណូមពរ និងការលំបាក របស់ពួកគាត់ សម្រាប់ចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។

លោកស្រី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលរឹងមាំ និងមានភាពចាស់ទុំ ផ្នែកនយោបាយ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ ព្រមទាំងបានអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ដូច្នេះការគាំទ្រមករបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ ក៏បានស្នើដល់ប្រធានបក្សភូមិ/ បក្សឃុំ /សង្កាត់ ត្រូវយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ដោយមិនត្រូវបណ្តែតបណ្តោយ ឲ្យពួកគាត់អត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

គួរបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក លោកស្រី បាន ស្រីមុំ បានចំណាយថវិកាផ្ទាល់ខ្លួន ជួយធ្វើផ្លូវក្រាលក្រួសក្រហមប្រវែង ១,០០០ម៉ែត្រ និងលូបង្ហៀរទឹកចំនួន១ តាម សំណូមពររបស់ប្រជាពលរដ្ឋ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាពលរដ្ឋ ៤៩៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ១ម៉ឺនរៀលផងដែរ៕