Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសមាជិកគណបក្សចំនួន៤ សរុប១៣១នាក់ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក បានស្ម័គ្រចិត្តវិលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា

29-04-2018 11:42

(កំពង់ធំ)៖ អតីតសមាជិកគណបក្សសង្រ្គោះជាតិ, បក្សរួបរួមជាតិ, បក្សប្រជាធិបតេយ្យមូលដ្ឋាន, និងបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន១៣១នាក់ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានស្ម័គ្រចិត្តវិលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ បានរៀបចំធ្វើឡើង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទបល្ល័ង្ក បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនអតីតសមាជិកបក្សផ្សេង ដែលបានភ្ញាក់រលឹកវិលត្រឡប់មករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ នៅពេលនេះ។

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានលើកឡើងថា ការចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា របស់បងប្អូនអតីតគណបក្សទាំង៤ ខាងលើនេះ គឺជាការរួបរួមគ្នា ការពារសុខសន្តិភាព ដើម្បីកសាងប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន។

លោកថា «យើងទាំងអស់គ្នា ត្រូវពិចារណាមើល លើការជាក់ស្តែង ដែលប្រទេសជាតិយើង បានឆ្លងកាត់ និងជួបប្រទះនូវព្រឹត្តិការណ៍ដ៏មហន្តរាយ នាបនប្រល័យពូជសាសន៍ ប៉ុលពត រហូតដល់ថ្ងៃរំដោះ៧ មករា ១៩៧៩ និងបន្តអូសបន្លាយសង្គ្រាមយ៉ាងយូរ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជនជាច្រើន ពិសេសការបាត់បង់ពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ដោយសារតែការលូកដៃ ពីសំណាក់ពួកបរទេស»។

លោក ជា អឿង បានបន្ថែមថា ប្រទេសជាតិ បើគ្មានមេដឹកនាំ ចេះបត់បែនសមស្រម ទៅតាមសភាពការណ៍ជាក់ស្តែង នៃនិន្នាការនយោបាយ ក្នុងនិងនៅលើសកលលោក តើយើងអាចឆ្លងកាត់ព្យុះកំណាច ដ៏ឃោរឃៅយង់ឃ្នងនោះ រួចបានដែររឺទេ? ។

លោកបានបញ្ជាក់ថា ដូច្នេះត្រូវតែនាំគ្នា ចូលរួមថែរក្សានូវស្ថេរភាព សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលបានឃើញផ្ទាល់ និងខិតខំកសាងសាមគ្គីភាព ជាធ្លុងមួយជួយកសាងប្រទេសជាតិ ឲ្យបានឆាប់រហ័ស និងមិនឲ្យពួកបរេសមកឈ្លានពានបានឡើយ។

ជាមួយគ្នានេះ ប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទបល្ល័ង្ក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិនេះ និងអាណត្តិក្រោយៗទៀត។

ក្នុងកម្មវិធីនេះដែរ លោក ជា អឿង បាននាំយកថវិកា៥០០ដុល្លារ ជាអំណោយរបស់លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាជាតិ សម្រាប់យកទៅជួសជុល ថែទាំស្ពានឆ្លងកាត់ ស្ទឹងស្ទោង ត្រង់ចំណុចភូមព្រិចផងដែរ៕