(ស្វាយរៀង)៖ លោក លឹម សៀងហេង អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញ ខេត្តស្វាយរៀង បានជំរុញដល់ប្រជាការពារភូមិ ត្រូវខិតខំការពារសន្តិសុខ របៀបរៀបរយសង្គម ជាពិសេសសហការឲ្យបានល្អ ជាសមត្ថកិច្ចនៅមូលដ្ឋាន។ ការជំរុញបែបនេះ ខណៈដែលលោកចុះជួបសំណេះសំណាល ជាមួយប្រជាការពារភូមិទាំង៨ ក្នុងសង្កាត់ព្រៃអង្គុញ ដែលមាន ចំនួន៥៣នាក់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
អនុប្រធានក្រុមការងាររូបនេះ បានថ្លែងថា ដោយអនុវត្តន៍តាមផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងសេចក្តីណែនាំ ស្តីពី ការចាត់តាំង ចលនាការពារសន្តិសុខ មាតុភូមិ របស់ក្រសួងមហាផ្ទៃរដ្ឋបាលសង្កាត់ ដែលជាក្បាលម៉ាស៊ីនគណៈបញ្ជាការឯកភាពឃុំ មានប៉ុស្តិ៍រដ្ឋបាលជាសេនាធិការ ព្រមទាំងមានការយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាសង្កាត់ ភូមិគួបផ្សំស្មារតី និងឆន្ទៈភ្ញាក់រលឹក ចូលរួមរបស់ប្រជាពលរដ្ឋ យើងបានរៀបចំចងក្រង បានក្រុមប្រជាការពារ នៅគ្រប់ភូមិទូទាំងសង្កាត់ ប្រជាការពារបានចំនួន ៥៣នាក់ ក្នុងសង្កាត់ព្រៃអង្គុញ។
លោកបានបន្ថែមទៀតថា ដោយមានកិច្ចសហប្រតិបត្តិការល្អ របស់កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន និងជាមួយកម្លាំងប្រជាការពារ ធ្វើឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំ របស់គណៈបញ្ជារការឯកភាពរដ្ឋបាលសង្កាត់ បានចូលរួមយ៉ាងសកម្មគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រក្នុងមូលដ្ឋាន បានថយចុះមួយកម្រិតផងដែរ។
ក្នុងពិធីនេះដែរ លោក លឹម សៀងហេង បានចែកជូនដំបងភ្លើងចំនួន៣០ដំបង ឧបត្ថមអង្គភាពប៉ុស្តិ៍រដ្ឋបាល ៣០ម៉ឺនរៀល ផ្តល់ថវិការសម្រាប់កាត់ខោអាវ ប្រជាការពារ៣០ម៉ឺនរៀល និងជូនថវិការអ្នកចូលរួម៧៣នាក់ម្នាក់ៗ ទទួលបាន១ម៉ឺនរៀល (សរុប ១,៤៥០,០០០រៀល និង ២៥០ដុល្លារ) និងលោក អែម សុវណ្ណរិទ្ធ បន្ថែមថវិកាក្នុងម្នាក់ៗ ៥ពាន់រៀលជូន ប្រជាការពារភូមិចំនួន៥៣នាក់ (សរុប ២៦៥,០០០រៀល )។ សរុបជាថវិការអស់ចំនួន ១,៧១៥,០០០រៀល និង ២៥០ដុល្លារ៕