(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃបុណ្យវិសាខបូជា ដែលជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា បានផ្ញើសារជូនពរជនរួមជាតិកម្ពុជា ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយៈ Facebook ផ្លូវការរបស់សម្តេច, សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរៀបរាប់នូវប្រវត្តិ និងគោលបំណងនៃការប្រារព្ធពិធីបុណ្យវិសាខបូជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook សម្តេចយ៉ាងដូច្នេះថា «រីករាយថ្ងៃឈប់សំរាក និងអនុមោទនា ថ្ងៃបុណ្យវិសាខបូជា។
ថ្ងៃ១៥កើត ខែពិសាខ ពស២៥៦១ ដែលត្រូវនឹងថ្ងៃទី ២៩ មេសា ២០១៨នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារថ្ងៃអាទិត្យនេះផងដែរ»៕