(ភ្នំពេញ)៖ បន្ទាប់ពីប្រជុំពិភាក្សា និងត្រួតពិនិត្យចំពោះសំណើចំពោះការសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យវិសាខបូជានោះ, ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣៣រូប និងលើកលែងទោសដល់ទណ្ឌិត១រូប។ នេះបើតាមការបញ្ជាក់របស់លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មការជាតិបានពិនិត្យ និងសម្រេចស្នើសុំការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៣៤រូប (ស្ត្រី១រូប) ក្នុងនោះបន្ថូរបន្ថយទោសដល់ទណ្ឌិតចំនួន៣៣រូប (ស្ត្រី១រូប) និងលើកលែងទោស ដល់ទណ្ឌិតចំនួន១រូប សម្រាប់ឱកាសបុណ្យវិសាខបូជា ឆ្នាំ២០១៨នេះ ក្នុងចំណោមបញ្ជីដែលបានស្នើសុំពីគណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានីខេត្តចំនួន២២៨រូប (ស្ត្រី១៨រូប)»។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅថ្មីៗនេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ លើកលែងទោស និងបន្ធូរបន្ថយទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យវិសាខបូជា ឆ្នាំ២០១៨។ បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា មានទណ្ឌិតស្នើសុំសរុប២២៨នាក់ (ស្ត្រី១៨នាក់) មកពីពន្ធនាគារចំនួន១៨ និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)។
ក្នុងមួយៗឆ្នាំ កម្ពុជាបានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក រួមមាននៅបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕