(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃនេះ មានវីដេអូមួយដែលបង្ហាញថា ក្មេងតូចៗ៣នាក់ មានអាការៈទន់ដៃទន់ជើង រវើរវាយ ហើយត្រូវឪពុកម្ដាយ អាណាព្យាបាល បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដែលត្រូវបានចែកចាយបន្ដគ្នា ពេញបណ្ដាញសង្គម Facebook ហើយនាំគ្នាចាត់ទុកថា ក្មេងៗទាំងអស់នោះ ពុលថ្នាំញៀនអ្វីម៉្យាង។
ពាក់ព័ន្ធករណីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកស្រាវជ្រាវយ៉ាងដុតដៃដុតជើង ហើយមិនទាន់អាចបញ្ជាក់ថាជាថ្នាំអ្វីនោះទេ ដោយលោករង់ចាំលទ្ធផល នៃការស្រាវជ្រាវ និងស៊ើបអង្កេតរួចរាល់សិន។
សូមជម្រាបថា របាយការណ៍របស់សមត្ថកិច្ចកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ (ផ្នែកកុមារ) មានការព្យាបាលក្មេងប្រុស ចំនួន០៣នាក់ ដែលពុលថ្នាំអ្វីម្យ៉ាង ដោយទី១៖ឈ្មោះ ឆន ឆវិន ភេទប្រុស អាយុ១០ឆ្នាំ, ទី២៖ឈ្មោះ សូ រតនា ភេទប្រុស អាយុ៨ឆ្នាំ និងទី៣៖ឈ្មោះ សូ រិទ្ធី ភេទប្រុស អាយុ៧ឆ្នាំ។
ពួកគេទាំង៣នាក់ មានអាស័យដ្ឋានក្រុម២៣ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានឪពុក ម្តាយ យកទៅព្យាបាលក្រោយពីឃើញសភាពក្មេងទាំង០៣នាក់ មានសភាពទន់រវ៉េករវ៉ក និយាយច្រើនខុសពីធម្មតា ហើយពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យជំនាញ បានចាក់ថ្នាំម៉ាក យ៉ាសុប៉ាម (ថ្នាំងងុយដេក) ម្នាក់មួយម្ជុល និងថ្នាំសុលគូថ ប្រហែល១ម៉ោងក្រោយមកបុគ្គលិកអង្គការម្លប់តាប៉ាង ប្រចាំខេត្តព្រះសីហនុ បានទទួលយកក្មេងទាំង៣ពីពេទ្យទៅស្នាក់ការ ដោយឲ្យញ៉ាំទឹកក្រូច និងចាក់ភ្លេងឲ្យរាំដើម្បីសំរួលអារម្មណ៍ឲ្យឆាប់ស្វាង ហើយប្រគល់ឲ្យឪពុកម្តាយ យកទៅផ្ទះវិញរៀងៗខ្លួន។
របាយការណ៍ដដែលបានបញ្ជាក់ពីដំណើររឿងហេតុថា នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះឈ្មោះ អ៊ឹម សារ៉ន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុម២៦ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ មានក្មេងៗចំនួន៣-៤នាក់អង្គុយញាំអី ក្រោយមកឈ្មោះ វ៉ន វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្រុម២៣ ភូមិ១ សង្កាត់៤ មុខរបរបុគ្គលិកក្លឹប ដែលមានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលមានថៅកែជាជនជាតិចិន បានយកដបទឹកថ្នាំ ដែលចិនបោះចោលក្នុងធុងសំរាម យកមកលាយទឹកសុទ្ធ រួចពេលមកដល់ផ្ទះ ឈ្មោះ អ៊ឹម សារ៉ន ក៏ទិញទឹកក្រូចចាក់លាយចែកក្មេងៗ៤នាក់ ដោយប្រាប់ថា មកផឹកទឹកទំពាំងបាយជូពេលនោះក្មេង ឈ្មោះ គង់ កយ ផឹកបានបន្តិចក៏ឈប់ ដោយសារមានជាតិល្វីង និងក្មេង៣នាក់ផ្សេងទៀត (ឈ្មោះខាងលើ) ផឹកម្នាក់អស់២-៣កូនកែវ។
ពេលផឹករួចក៏នាំគ្នាដើរទៅផ្ទះ មួយសន្ទុះក្រោយមកក៏មានសភាព រវើរវាយនិយាយមិនដឹងអី និងទន់ដៃទន់ជើង ឯឈ្មោះ គង់ កយ ពេលទៅដល់ផ្ទះរកអីហូបបន្ថែមក៏ស្វាងវិញទៅមិនមានបញ្ហា។ ចំណែក៣នាក់ទៀតយកទៅមន្ទីរពេទ្យសង្គ្រោះ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជនសង្ស័យឈ្មោះ វ៉ន វុត្ថា ដែលបានយកថ្នាំនោះឲ្យក្មេងរងគ្រោះផឹក ត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួន ដើម្បីទៅសួរលម្អិតអំពីករណីនេះ។ ដោយឡែកក្មេងរងគ្រោះទាំង៣នាក់ ក្រោយការសង្គ្រោះក៏មានសភាពដូចដើមវិញ ហើយត្រូវបានប្រគល់ជូនឪពុកម្ដាយ និងអាណាព្យាបាលយកត្រឡប់ទៅផ្ទះ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីដែលផ្អើលចែកចាយគ្នាពេញបណ្ដាញសង្គម Facebook ខាងលើនេះ អង្គភាព Fresh News នឹងផ្សាយព័ត៌មានលម្អិតជូនសាធារណៈជននៅពេលក្រោយទៀត៕