(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានប្រាប់ថ្នាក់ដឹកគណបក្សប្រជាជននៅតាមមូលដ្ឋាន ត្រូវដឹងសុខទុក្ខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលបានសម្លេងគាំទ្រ និងឈានទៅយកជ័យជម្នះ ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការថ្លែងយ៉ាងដូច្នេះ របស់មន្ដ្រីជាន់ខ្ពស់រូបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញប្រកាស សុពលភាពក្រុមបក្ស និងសំណេះសំណាលជាមួយគ្រួសារបក្ស ចំនួន៣,៧៣៧នាក់ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង បានលើកឡើងថា ពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់ មកក្រុមការងារបក្សចុះជួយឃុំភ្នំសំពៅ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យជាច្រើន និងចែកអំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹងជាបន្តបន្ទាប់រហូតមក។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ទោះជាមានសមិទ្ធផលជាច្រើនលើគ្រប់វិស័យហើយក៏ដោយ តែសេចក្តីត្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក្រុមការងារនៅតែបន្តតាមជួយរហូត តែជាក់ស្តែងថ្ងៃនេះក្រុមការងារបានចុះមកសំណេះសំណាលដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ សូមឲ្យក្រុមការងារមូលដ្ឋានបម្រើសេវាសាធារណៈ ជូនពួកគាត់ឲ្យបានល្អរៀងរហូតតទៅ។
លោក ហែម ថេង បានបន្តថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺគ្មានបក្សណាអាចយកឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជា នោះបានឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា មានធនធាន លទ្ធភាព សមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់រឹងមាំ ហើយបានធ្វើល្អត្រឹមត្រូវបំផុត ជាមួយប្រជាពលរដ្ឋគ្រប់បែបយ៉ាង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជាមេក្រុមបក្ស មកពីភូមិទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងបានជួយដោះស្រាយកង្វល់ ការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលារហូតមក ហើយនៅតែបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានស្ថេរភាព សុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕