(បន្ទាយមានជ័យ​)៖ ថ្ងៃសៅរ៍១៤កើតខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងភ្ញៀវជាតិ ភ្ញៀវ អន្តរជាតិបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមាគមចិនកម្ពុជា នៅក្នុងគេហដ្ឋានសមាគមចិន-កម្ពុជា ក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលជាមួយសមាជិកសមាគមចិន និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាព្រមទាំងថ្លែងអំណរគុណដល់ងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ដែលបានរួមគ្នាថែរក្សាសន្តិភាព​ និងធ្វើការអភិវឌ្ឍមូលដ្ឋានក្រុងប៉ោយប៉ែតឲ្យមានការរីកចម្រើន​ និងមានសណ្តាប់ធ្នាប់អនាម័យបរិស្ថានល្អ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិលើកសរសើរដល់សមាគមចិន-កម្ពុជា​ ដែលបានចូលរួមចំណែកជាមួយប្រជាពលរដ្ឋ​ និងអាជ្ញាធរកម្ពុជា​ធ្វើការអភិវឌ្ឍក្រុងប៉ោយប៉ែត ឲ្យមានការរីកចម្រើន​ តាមគោលនយោបាយរាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខដឹកនាំ​។ ទន្ទឹមនឹងនេះនាយឧត្តមសេនីយ៍ បានជូនពរដល់សមាគមចិន-កម្ពុជាប៉ោយប៉ែត​ ទទួលបានដៃគូអ្នកវិនិយោគទុនកាន់តែច្រើនថែមទៀតដើម្បីជួយអភិវឌ្ឍន៍ក្រុងប៉ោយប៉ែតឱ្យជឿនលឿនដូចនៅក្រុងព្រះសីហនុផងដែរ ។

ក្នុងពិធីនោះមានបំពាក់គ្រឿងឥស្សរិយយសព្រមទាំងប្រគល់បណ្ណ័សរសើរ ជូនដល់បុគ្គលដែលមានស្នាដៃចូលរួមកសាងជាតិនិង​កាត់ខ្សែបូ​សម្ភោធសមាគមនិងពិសារបាយសាមគ្គីជាមួយគ្នាយ៉ាងសប្បាយរីករាយស្និតស្នាលក្រៃលែង៕