(កោះកុង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ដែលបង្កឡើងដោយរថយន្ដ Lexus470 បុករថយន្ដដឹកសាំងក្រុមហ៊ុន PTT នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដ Lexus470 ស្លាប់បាត់បង់ជីវិតទាំង៥នាក់យ៉ាងអណោចអធ័មដោយ ក្នុងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ ហើយភាគីរថយន្ដដឹកសាំងរបួស២នាក់។
អធិការស្រុកស្រែអំបិល លោក ម៉ា ទី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល និងកម្លាំងនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានសហការគ្នាដោយប្រើប្រាស់ពេលជាង១ម៉ោងដើម្បីបាញ់ពន្លត់នូវអណ្ដាតភ្លើងដែលឆាប់ឆេះ ហើយបន្ដប្រើប្រាស់ពេលជាង៣ម៉ោង ដើម្បីគាស់យកសាកសពជនរងគ្រោះក្នុងរថយន្ដ Lexus470។
បើតាមលោកអធិការស្រុកស្រែអំបិល មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ លោកសន្និដ្ឋានជំហ៊ានដំបូងថា រថយន្ដ Lexus470 បើកបរក្នុងល្បឿនយ៉ាងលឿន ហើយឡើងវ៉ាជែងរថយន្ដមួយគ្រឿងផ្សេងទៀត លុះដល់ចំណុចខាងលើដែលស្ថានភាពផ្លូវកោង អ្នកបើករថយន្ដ Lexus470 មិនទាន់យកចង្កូត និងគ្រប់គ្រងស្ថានការមិនបានក៏បុករថយន្ដដឹកសាំងក្រុមហ៊ុន PTT ពេញមួយទំហឹងចំពីមុខតែម្ដង។
ដោយឡែកបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ពីមូលហេតុថា បណ្ដាលមកពីរថយន្ដ Lexus470 បែកកង់ទើបមានគ្រោះថ្នាក់បែបនេះ។
ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់អំពីអត្ដសញ្ញាណជនរងគ្រោះថា ទី១៖អ្នកបើកបររថយន្ដ Lexus470 ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ឈ្មោះ យ៉ា ភេទប្រុស, ទី៣៖ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។
ចំណែកភាគីខាងរថយន្ដដឹកសាំងក្រុមហ៊ុន PTT ក៏រងរបួស២នាក់ផងដែរ ដោយអ្នកបើកបរឈ្មោះ ផាន វិបុល អាយុ២៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ផាន សុង អាយុ១៨ឆ្នាំ ដែលអ្នកទាំង២រស់នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបន្ថែមថា ជនរងគ្រោះក្នុងរថយន្ដ Lexus470 គឺជាមិត្តភ័ក្រនឹងគ្នា ហើយពួកគេធ្វើដំណើរទៅលេងខេត្តកំពត លុះដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់ដ៏រន្ធត់នេះតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយគាស់យកចេញពីរថយន្ដ សពរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវបានក្រុមគ្រួសារយកទៅបូជាតាមប្រពៃណី នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង៕