(ភ្នំពេញ)៖ ប្រភពពីមន្ត្រីមេព្រៃមួយរូបនៅខេត្តរតនគិរី ដែលមិនទទួលបានផលប្រយោជន៏នឹងគេ បានខ្សឹបប្រាប់នាយខ្វែកឲ្យដឹងថា ក្រោយរាជរដ្ឋាភិបាល និងសមត្ថកិច្ចធ្វើការពង្រឹងបទល្មើសព្រៃឈើឈ្មួញលួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងនានានៅក្នុងខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តត្បូងឃ្មុំមក ឥឡូវក្រុមឈ្មួញ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលបានផលប្រយោជន៏បាននាំគ្នាបង្វែទៅនាំចេញតាមខេត្តរតនគិរីវិញម្ដង។
សេចក្ដីរាយការណ៏ពីមន្ត្រីដែលដឹងរឿង ហើយមិនទទួលបានផលប្រយោជន៏ខាងលើបានខ្សឹបឲ្យដឹងថា ជារៀងរាល់យប់ថ្ងៃ ឈ្មួញនិងសមត្ថកិច្ចគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី បានឃុបឃិតគ្នានាំឈើប្រណីត និងឈើលេខ១ចេញទៅវៀតណាមជាហូហែ ទាំងច្រកអន្តរជាតិ ទាំងច្រករបៀងដោយពេលថ្ងៃនាំចេញតាមរថយន្តតូច ពេលយប់នាំចេញតាមរថយន្តធំៗប្រភេទយីឌុប។
ជាក់ស្ដែងនាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មានរថយន្តយីឌុបចំនួន១៧គ្រឿង បានដឹកឈើចេញពីស្រុកវឺនសៃ ឆ្លងកាត់ទីរួមខេត្តឆ្ពោះទៅប្រទេសវៀតណាម ដោយចេញតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ ហើយបានឆ្លងផុតអស់ចុងក្រោយនៅម៉ោង៥ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។ ក្នុងនោះរថយន្តយីឌុបមួយគ្រឿង មានផ្ទុកឈើប្រណីត និងឈើលេខ១ ដល់ទៅ៨០តោនរហូតជិត១០០តោនក៏មានដែរ។ ការដែលឈ្មួញបង្ខំផ្ទុកលើសទំងន់នេះ ដោយសារតែចំណាយលើសេវារត់ការ បង់អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធតាំងពីថ្នាក់តូច ថ្នាក់កណ្តាល ថ្នាក់ធំ មានចំនួនច្រើនពេករហូតដល់មួយរថយន្តចាប់ពី១៩០០០ដុល្លារ ទៅ២៣០០០ដុល្លារក៏មានដែរ។
អ្នករត់ការដឹកជញ្ជូនបទល្មើសឈើគឺជាសមត្ថកិច្ចតែម្តង ហើយអ្នកខេត្តរតនគិរីស្គាល់មុខ និងឈ្មោះច្បាស់ទៀតផងគឺឈ្មោះ ណុប ណាក់ ជាមន្ត្រីអាវុធហត្ថកំប៉ិកកំប៉ុកទេ តែគេមានជំនាញរត់ការស្គាល់គ្រប់ក្រឡុកក្រលៀតទាំងអស់ ហើយត្រូវបានឈ្មួញវៀតណាមទុកចិត្តទម្លាក់លុយរាប់សែនដុល្លារឲ្យមកប្រមូលទិញឈើហើយនាំយកទៅឲ្យគេ។
គួរំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ គេបានឃើញពីសកម្មភាពលើកដាក់ឈើប្រណីត និងឈើលេខ១ ខុសច្បាប់លើរថយន្តយីឌុបចំនួន១០គ្រឿង នៅតាមមាត់ទន្លេសេសាន ក្នុងភូមិសាស្រ្តភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចហើយចេញដំណើរកាត់ទីរួមខេត្ត ប៉ុន្តែមិនមានសមត្ថកិច្ចណាមួយចាត់វិធានការបង្ក្រាបឡើយ ព្រោះសុទ្ធតែនិយាយថ្លៃគ្នាមុនអស់ហើយ។ តាមប្រភពព័ត៌មានពីកម្មករនៅទីនោះ បានបង្ហើបឲ្យដឹងថា ឈើប្រណីតទាំងនេះ គឺជាឈើរបស់មេឈ្មួញធំឈ្មោះ ណុប ណាក់ ជាមន្ត្រីអាវុធហត្ថសហការជាមួយដៃជើងរបស់ខ្លួន ដោយដឹកឈើនេះចេញនៅពេលយប់ឆ្លងកាត់តាមស្រុកអូរជុំ និងក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។
តាមប្រភពព័ត៌មានពីក្រុមឈ្មួញអ្នករកស៊ីឈើផ្សេងទៀតបានឲ្យដឹងថា រថយន្តយីឌុបភ្លៅ៦ទាំង១០គ្រឿងនេះ គឺក្នុងមួយគ្រឿងអាចដឹកទម្ងន់ពី៨០ ទៅជិត១០០តោន បើពុំនោះទេ មិនអាចរត់ការបង់សមត្ថកិច្ចគ្រប់ទេ ព្រោះមួយរថយន្តរត់ការបង់សមត្ថកិច្ចពី១៩០០០ដុល្លារ សម្រាប់សមត្ថកិច្ច អាជ្ញាធរ ជំនាញ ថ្នាក់ធំរហូតថ្នាក់ក្រោមមានដល់តំលៃ ២៣.០០០ដុល្លារ។ ប្រភពបន្តថា ផ្លូវជាតិដែលរដ្ឋាភិបាលខំស្ថាបនា គឺប្រឈមនឹងស្រុត ប្រេះស្រាំ ខូច បើរថយន្តមួយគ្រឿងទម្ងន់រហូតជិត១០០តោននោះ។
ប្រភពព័ត៌មានមួយទៀតបានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ គឺនៅមុនចូលឆ្នាំខ្មែរ រថយន្តប្រភេទយីឌុបរបស់ឈ្មួញទុច្ចរិតនេះ បានដឹកឈើចេញ និងឆ្លងកាត់ខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សរុបយ៉ាងហោចណាស់ចំនួន២៤៦គ្រឿងដែរ។ ចំណែកក្រោយចូលឆ្នាំខ្មែររួច គឺចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមឈ្មួញដដែលនេះ បានដំណើរការបន្ត ហើយក្នុងយប់ថ្ងៃទី២៦ ខែមេសានេះ គឺដឹកចេញពីស្រុកវ៉ឺនសៃជាង១០រថយន្តយីឌុបទៀត។
ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅក្នុងខេត្តរតនគិរី សូមសំណូមពរឲ្យប្រមុខដឹកនាំចាត់ឲ្យមន្រ្តីស្មោះត្រង់ពិតប្រាកដ មកស្រាវជ្រាវពិនិត្យរឿងនេះ ដើម្បីឲ្យឃើញច្បាស់ពីស្ថានភាព ផ្លូវខូចទ្រុឌទ្រោម ពីស្រុកអូរយ៉ាដាវ រហូតដល់ព្រំដែនកម្ពុជា-វៀតណាម ចំណែកផ្លូវនៅក្នុងស្រុកលំផាត់ គឺចេញពីក្រុមហ៊ុនដូងប្រេងដូនពេញអាទ្រីហ្គោ កាត់តាមឃុំសាមុតសេដា ទៅកាន់ស្រុកបកែវ ខេត្តរតនគិរី ដែលត្រូវបានសាងសង់ដោយក្រុមកងវិស្វកម្ម គឺខូចខ្ទេចខ្ទី ដោយសារស្នាដៃឈ្មួញឈើល្មើសច្បាប់៕