(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តបង្ហាញការឈឺចាប់ ដោយសារតែលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានលួចកាត់ ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុតាញ៉ា។
ប្រជាពលរដ្ឋនៅខេត្តក្រចេះទាមទារឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរ ហើយព្រមានប្រឆាំងមិនឱ្យទណ្ឌិតរូបនេះធ្វើនយោបាយទៀតនោះទេ។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានលើកឡើងថា លោក សម រង្ស៊ី មិនបានចូលរួមចំណែកកសាងសមិទ្ធផល នៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែផ្លូវ១ចង្អាម ក៏ទណ្ឌិតនេះមិនបានផ្តល់ ជូនពលរដ្ឋដែរ ប៉ុន្តែបានប្រើប្រាស់គ្រប់ឧបាយកល ដើម្បីរកតែអំណាចខ្លួនឯង។ ប្រជាពលរដ្ឋខេត្តក្រចេះ បានចាត់ទុកថា លោក សម រង្ស៊ី មិនសមធ្វើជាអ្នកនយោបាយខ្មែរឡើយ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕