(សៀមរាប)៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការរងសមាគមអតីត យុទ្ធជន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ទុក អតីតយុទ្ធជន គឺជាបុគ្គលមានគុណបំណាច់លើប្រទេសជាតិ បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ និងនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ។
នាយឧត្តមសេនីយ៍ ជា តារា លើកឡើងបែបនេះ ក្នុងកម្មពិធីបំពាក់មេដាយកិត្តិយសជូនអតីតយុទ្ធជន៥៧៥នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍រូបនេះ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅកាន់អតីតយុទ្ធជនថា «អតីតយុទ្ធជនគឺជាបុគ្គលមានគុណ បំណាច់លើប្រទេសជាតិ បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ និងនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ទើបសម្តេចបានយកចិត្ត ទុកដាក់បំផុតលើគ្រួសារអតីតយុទ្ធជនកម្ពុជា»។
នាយឧត្តមសេនីយ៍ ជា តារា ដែលជាតំណាង នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតៈ យុទ្ធជនកម្ពុជា បានអះអាងចំពោះមុខអតីតយុទ្ធជនថា «វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តនាំមកនូវ វឌ្ឍនភាព វិបុលភាព និងសេចក្តីសុខសម្រាប់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេសគឺរក្សាបាននូវសុខ សន្តិភាពលើដែនដីកម្ពុជា ដែលជាមរតកនៃកិច្ចខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនគ្រប់រូប»។
នាយឧត្តមសេនីយ៍ បញ្ជាក់បន្ថែមថា «អតីតយុទ្ធជនយើងទាំងអស់ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយត្រូវប្តេជ្ញាការពារឲ្យបាន គង់វង្សនូវមរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ»។
នាយឧត្តមសេនីយ៍ ជា តារា ក៏បានបន្តថា ក្រៅពីមានការយកចិត្តទុកដាក់ពីសម្តេចប្រមុខរាជរដ្ឋាភិបាល អតីតៈយុទ្ធជន យើងក៏នៅមានក្រុមការងារចុះជួយខេត្ត ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងវត្តមានចុះជួយជាប្រចាំរបស់ក្រុមការងារ គ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ភូមិ៕