(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៩១១គ្រឿង រកឃើញល្មើសច្បាប់ ៣៣១គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ១៧៦គ្រឿង និងផាកពិន័យ១៥៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែមេសានេះ ត្រួតពិនិត្យរួមបាន ចំនួន១,៣១២គ្រឿង អប់រំ ៨២គ្រឿង និងផាកពិន័យចំនួន១២៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៧៤៨គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៣,៧០២គ្រឿង រកឃើញយានយន្តល្មើស ១២,១១៩ (ម៉ូតូ៦៧ភាគរយ) ក្នុងនោះអប់រំ ៥,៣០៩គ្រឿង និងផាកពិន័យ ៦,៨១០គ្រឿង៕