(ភ្នំពេញ)៖ ប្រភពពីមន្ត្រីសាលាដំបូងរាជធានី បានឲ្យដឹងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ករណីយកកាំភ្លើងវាយកម្មករឃ្លាំងអេដចាយបែកក្បាល ទៅដាក់ពន្ធនាគារ (រាជធានីភ្នំពេញ) PJ ជាបណ្តោះអាសន្នសិនរងចាំ បន្តនីតិវិធីនាពេលក្រោយ។
លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់តាមសារ Telegram ថា លោកបានសម្រេចចោទប្រកាន់ លើលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ដែលវាយកម្មករឃ្លាំងអេដចាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនត្រូវចោទ លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ២១ឆ្នាំ កម្មករឃ្លាំងអេដចាយ ដោយគ្រាន់ ព្រោះខឹងជនរងគ្រោះមើលមុខ។ ករណីហិង្សានោះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌចំការមន។
នៅមុនពេលកើតហេតុ គេឃើញជនត្រូវចោទ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះមើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។ ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសង្ស័យបានបើករថយន្ត ត្រលប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។
យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនត្រូវចោទ លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤,០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យមានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅពន្ធនាគារ ប៉ុន្តែមិនបានសម្រេចនោះទេ៕