(ភ្នំពេញ​)៖ ​អតីត​និស្សិត​ថ្នាក់​បណ្ឌិត​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​ លោក​បណ្ឌិត​ ជីវ​ កេង​ កោសសរសើរ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ (UI)​ ដឹកនាំ​ដោយ​លោក​បណ្ឌិត ​ឡាច​ សំរោង​ ជា​សាកល​វិទ្យា​ធិការ​ ដែល​បាន​ចូលរួម​ចំណែក​ឆ្លើយតប​យ៉ាង​សមស្រប​ និង​ទាន់​ពេលវេលា​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​កសាង​ធនធាន​មនុស្ស​។

ការ​លើកឡើង​នេះ​ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៨​ ក្នុង​សិក្ខាសាលា​ស្តីពី​ «សារៈប្រយោជន៍​នៃ​ការ​ជ្រើសរើស​ប្រធាន​បទ​ស្រាវជ្រាវ​ សម្រាប់​និក្ខេបបទ​ថ្នាក់​បណ្ឌិត​» នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ ។

លោក​បណ្ឌិត​ ជីវ​ កេង​ ថ្លែង​ថា​ នេះ​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ​ សូម​កោតសរសើរ​ចំពោះ​លោក​បណ្ឌិត​ឡាច​ សំរោង​ សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ ដែល​បាន​ស្រោចស្រង់​នូវ​សាកលវិទ្យាល័យ​មួយនេះ​ ឱ្យ​បាន​រស់​ឡើងវិញ​ បន្ទាប់​ពី​បាន​ជួប​នូវ​បញ្ហា​មួយ​ចំនួន​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ។

អនុប្រធាន​តុលាការ​កំពូល​ ថ្លែង​បន្តថា​ «ខ្ញុំ​ជឿ​ថា​លទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​ គឺ​ពិត​ជា​បាន​មកពី​ការ​ខិតខំ​ ប្រឹងប្រែង​ និង​ សហការ​គ្នា​ល្អប្រសើរ​ ក្នុង​ការ​បង្រៀន​ ការ​សិក្សា​ ការ​ស្រាវជ្រាវ​ និង​ សកម្មភាព​ជា​ច្រើន​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ ទោះបី​ជា​ការ​គ្រប់គ្រង​នៅ​មាន​ការ​លំបាក​ និង​ ការ​ខ្វះ​ចន្លោះ​ខ្លះ​ៗ​ ។ យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​ចាត់​ទុក​ថា​ ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ ដែល​បាន​រៀបចំ​ស្តារ​ឡើង​វិញ​ ។ សង្ឃឹម​ថា​ និស្សិត​ថ្នាក់​បណ្ឌិត​ និង​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទាំងអស់​ នឹង​ខិតខំ​សិក្សា​ស្រាវជ្រាវ​បានចប់​តាម​ពេល​វេលា​ និង​ សហការ​ ល្អ​ជាមួយ​សាកលវិទ្យាល័យ​»។

លោក​បណ្ឌិត​ ឡាច​ សំរោង​ សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ ប្តេជ្ញា​យ៉ាង​មោះមុត​ថា​ នឹង​ដឹកនាំ​សាកលវិទ្យាល័យ​មួយ​នេះ​ ឱ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា​៕